2026-01-13 07:10
13

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានប្រកាសផ្អាកប្រតិបត្តិការលក់លំនៅឋាន និងអគារសហកម្មសិទ្ធិ (ខុនដូ) ដែលពាក់ព័ន្ធនឹង ក្រុមហ៊ុន ព្រីនស៍ ចំនួន ០៥ គម្រោង មិនឱ្យបន្តធ្វើប្រតិបត្តិការលក់ផ្ទះ ឬយូនីតខុនដូបន្តទៀតឡើយ។

យោងតាមនិយ័តករ គម្រោងដែលត្រូវបានផ្អាកការលក់ រួមមាន៖ គម្រោងអគារសហកម្មសិទ្ធិ PRINCE HAPPINESS PLAZA ឬ The Pinnacle Residence, គម្រោងអគារសហកម្មសិទ្ធិ PRINCE GOLDEN BAY, គម្រោងអគារសហកម្មសិទ្ធិ Prince Huan Yu Center, គម្រោងលំនៅឋាន (បុរី) Prince One Tropica និងគម្រោងលំនៅឋាន (បុរី) ភូមិសំរោង។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា «វិធានការផ្អាកនេះ មានប្រសិទ្ធភាពភ្លាមៗ ដោយមិនអនុញ្ញាតឱ្យគម្រោងខាងលើ បន្តធ្វើប្រតិបត្តិការលក់ទៀតឡើយ រហូតដល់មានការជូនដំណឹងថ្មីពីស្ថាប័នសមត្ថកិច្ច»

ទន្ទឹមនឹងនេះ អតិថិជនដែលបានចុះកិច្ចសន្យាលក់-ទិញផ្ទះ ឬយូនីតជាមួយគម្រោងទាំងនេះរួចហើយ ត្រូវបន្តអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចសន្យា រហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។

សម្រាប់អតិថិជនដែលបានបញ្ចប់កាតព្វកិច្ចទាំងស្រុងរួចរាល់ និយ័តករបានអនុញ្ញាតឱ្យបន្តស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ ឬយូនីត តាមគម្រោងនីមួយៗ ដោយមានការសហការជួយសម្របសម្រួលរវាង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការផ្អាកប្រតិបត្តិការលក់គម្រោងទាំងនេះ ត្រូវបានមើលឃើញថា ជាវិធានការត្រួតពិនិត្យ និងគ្រប់គ្រងវិស័យអចលនវត្ថុ ដើម្បីការពារផលប្រយោជន៍អ្នកទិញ ធានាឱ្យមានតម្លាភាព និងការអនុវត្តត្រឹមត្រូវតាមច្បាប់ ក្នុងការអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិនៅព្រះរាជាណាចក្រកម្ពុជា៕

Top of Form

B