មេដឹកនាំអ៊ីរ៉ង់ឆ្លើយតបព្រមានទៅទីក្រុងវ៉ាស៊ីនតោនទាំងកម្រោលថា បើអាមេរិកហ៊ានវាយប្រហារខ្លួនពេលណា នោះទីក្រុងតេអេរ៉ង់នឹងបង្ករជម្លោះក្នុងតំបន់ភ្លាមៗ។
តាមការចេញផ្សាយដោយ Reuter មិនត្រឹមតែព្រមានឆ្លើយតបទៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែទីក្រុងតេអេរ៉ង់ ក៏បានចាត់តាំងកងទ័ពសហភាពអឺរ៉ុបថាជា "ក្រុមភេរវករ" ក្នុងសកម្មភាពសងសឹកថែមទៀតផង។
ខណៈមិនទាន់ចេញសកម្មភាពយោធាណាមួយដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ពិតមែន តែជាសារដាស់តឿនរបស់សហរដ្ឋអាមេរិកទៅកាន់អ៊ីរ៉ង់ ក្នុងការបង្កើនវត្តមានកងទ័ពជើងទឹកដ៏កំណាចរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានោះ ធ្វើឲ្យមេដឹកនាំអ៊ីរ៉ង់មិនត្រឹមតែក្ដៅស្លឹកត្រចៀកជាមួយ លោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែប្រទេសនេះក៏កំពុងរាលដាលដល់ដៃជើងអាមេរិកដូចជាមេដឹកនាំអ៊ីស្រាអែល និងអ៊ឺរ៉ុបផងដែរ។
យោងតាមមេដឹកនាំកំពូលម្នាក់របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានគេដកស្រង់សម្តីនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទោះបីជា លោក Trump និយាយថាលោកបានបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែប្រជាជាតិអ៊ីរ៉ង់នឹងមិនភ័យខ្លាចចំពោះរឿងទាំងនេះទេ ហើយប្រជាជនអ៊ីរ៉ង់នឹងមិនមានការញុះញង់ដោយការគំរាមកំហែងទាំងនេះទេ។ លោកបន្តថា “យើងមិនមែនជាអ្នកផ្តួចផ្តើមគំនិត ហើយមិនចង់វាយប្រហារប្រទេសណាមួយនោះទេ ប៉ុន្តែប្រទេសអ៊ីរ៉ង់នឹងវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងនរណាម្នាក់ដែលវាយប្រហារ និងបៀតបៀនពួកគេ។”
គួរឲ្យដឹងថា មុនចាប់ផ្ដើមបើកការព្រមានជាផ្លូវការម្ដងហើយម្ដងទៀតពីទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងតេអេរ៉ង់ កងទ័ពជើងទឹកអាមេរិកបានបង្អួតសាច់ដុំរបស់ខ្លួនឲ្យអ៊ីរ៉ង់បានឃើញពីនាវាពិឃាតចំនួន ៦ គ្រឿង នាវាផ្ទុកយន្តហោះមួយគ្រឿង និងនាវាប្រយុទ្ធចំនួន ៣ គ្រឿងនៅក្នុងតំបន់របស់ខ្លួន ដែលកំពុងលាក់ខ្លួនសន្សឹមៗនៅកៀកទ្វាផ្ទះអ៊ីរ៉ង់យ៉ាងអាថ៌កំបាំង។ ក៏មិនមែនជាការញញើតនឹងសាច់ដុំរបស់អាមេរិក អ៊ីរ៉ង់បានព្រមានឆ្លើយតបស្វាគមន៍ចំពោះការវាយប្រហារណាមួយរបស់មហាអំណាចមួយនេះ ដោយទីក្រុងតេអេរ៉ង់មិនត្រឹមតែឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិកវិញនោះទេ តែប្រទេសនេះនឹងបង្ករជម្លោះនិងភាពតានតឹងនៅក្នុងតំបន់ឲ្យអាមេរិកឈឺក្បាលផងដែរ។
រង់ចាំមើលថា ជាការគម្រាមដាក់កំហិតរបស់អ៊ីរ៉ង់ តើប្រធានាធិបតីអាមេរិកនឹងហ៊ានវាយប្រទេសនេះដែរឬទេ?




