2026-02-02 11:08
8

តាមរបាយការណ៍ពីរដ្ឋាភិបាលសហព័ន្ធ ប្រជាជនឥណ្ឌាប្រហែល 50,000 នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ដោយពស់ចឹកជារៀងរាល់ឆ្នាំ ដែលតួលេខនេះស្មើប្រហែលពាក់កណ្តាលនៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោក។ 

តាមការប៉ាន់ប្រមាណមួយចំនួនទៀតបានបង្ហាញថា ចំនួនអ្នកស្លាប់របស់ឥណ្ឌាអាចខ្ពស់ជាងនេះ បើគិតរវាងឆ្នាំ 2000 និង 2019 ទីក្រុងញូវដេលីប្រហែលជាមានអ្នកស្លាប់រហូតដល់ 1.2 លាននាក់ ដែលតួលេខជាមធ្យមមានចំនួន 58,000 នាក់ក្នុងមួយឆ្នាំ នេះបើតាមការបង្ហាញអាត្រាមរណៈដោយសារសត្វអាសិរពិសរបស់ឥណ្ឌាក្នុងឆ្នាំ 2020។

ភស្តុតាងទាំងនេះ សបញ្ជាក់ឲ្យដឹងថា គ្រាន់តែចំនួនអ្នកស្លាប់ដោយសារពិសពស់ចឹករបស់ប្រជាជនឥណ្ឌា វាមានចំនួនច្រើនជាងអ្នកស្លាប់ដោយសារភ្លើងសង្គ្រាមទៅទៀត។ 

តាមអ្នកស្រាវជ្រាវបានស្ទង់មតិអ្នកជំនាញផ្នែកវេជ្ជសាស្រ្តចំនួន 904នាក់ នៅទូទាំងប្រទេសឥណ្ឌា ប្រេស៊ីល ឥណ្ឌូនេស៊ី និងនីហ្សេរីយ៉ា ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតដោយពស់ចឹក នឹងបានរកឃើញបញ្ហាស្រដៀងគ្នាថា មូលហេតុបណ្ដាលមកពីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសទាំងនេះគ្រប់គ្រងមិនបានល្អ ជាពិសេសលទ្ធភាពដែលជនរងគ្រោះទទួលបានថ្នាំបន្សាបជាតិពិសមានកម្រិត និងការបណ្តុះបណ្តាលមិនគ្រប់គ្រាន់។

តាមការចេញផ្សាយពី BBC នៅថ្ងៃទី០២ កុម្ភៈនេះបានឲ្យដឹងថា យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សប្រមាណ 5.4 លាននាក់នៅទូទាំងពិភពលោកត្រូវបានពស់ចឹកជារៀងរាល់ឆ្នាំ ហើយជាង 100,000 នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ 

ការណ៍នេះបានបញ្ជាក់ឲ្យយើងដឹងថា ករណីពស់ចឹកអាចមានផលប៉ះពាល់ទៅដល់សហគមន៍ជនបទក្រីក្រជាពិសេសក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមធ្យមតែម្ដង៕

អត្ថបទដោយ៖ ម៉េង ធីដា