2026-02-02 15:04
6

ថៃ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្តដឹកប្រេង របស់ក្រុមហ៊ុន PPT ដែលកំពុងចតនៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងស្រុក ក្រានួន (Kranuan) ខេត្ត Khon Kaen នៃប្រទេសថៃ នៅវេលាម៉ោងប្រហែល ១០និង០០នាទី ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសំឡងផ្ទុះយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រុងបាងកក។

ភ្លាមៗក្រោយកើតហេតុ ក្រុមពន្លត់អគ្គិភ័យក្នុងតំបន់ រួមទាំងរថយន្តបាញ់ពពុះសាប៊ូពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ត្រូវបានបញ្ជូនទៅកាន់ទីតាំង ដើម្បីទប់ស្កាត់អណ្តាតភ្លើងដែលឆាបឆេះយ៉ាងខ្លាំង។

ដោយសារទីតាំងកើតហេតុស្ថិតនៅជិតសាលារៀន ស៊ី ក្រានួន វិតតាយ៉ា (Sri Kranuan Wittaya) អាជ្ញាធរសាលាបានសម្រេចផ្អាកការសិក្សាបណ្ដោះអាសន្ន និងជម្លៀសសិស្សចេញពីបរិវេណសាលាជាបន្ទាន់ ដើម្បីធានាសុវត្ថិភាព។ 

ជាមួយគ្នានេះ អាជ្ញាធរអគ្គិសនីស្រុក Kranuan ក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតំបន់ជុំវិញកន្លែងកើតហេតុផងដែរ។

តាមរបាយការណ៍ចុងក្រោយ អាជ្ញាធរបានគ្រប់គ្រងអគ្គិភ័យបានដោយជោគជ័យ ដោយនៅសល់តែផ្សែងនៅទីតាំងកើតហេតុ ខណៈមូលហេតុនៃការឆេះ និងព័ត៌មានអំពីការខូចខាត កំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែម៕