2026-02-08 09:16
24

ព្រៃវែង៖ សំណុំរឿងទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិ១ ឃុំព្រែកខ្សោយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង បានអូសបន្លាយអស់រយៈពេល ជាង ១០ឆ្នាំ មកហើយ នៅមិនទាន់មានដំណោះស្រាយចុងក្រោយតាមផ្លូវតុលាការនៅឡើយទេ ចាប់តាំងពីសាលាដំបូងខេត្តព្រៃវែង រហូតដល់សាលាឧទ្ធរណ៍ភ្នំពេញ។

សំណុំរឿងទំនាស់ដីធ្លីដ៏រ៉ាំរៃនេះ កើតឡើងរវាងដើមចោទ មានឈ្មោះ ប៉ាង ពិសិដ្ឋ និងចុងចម្លើយ ឈ្មោះ ស្រ៊ុន ឈួន ស្ថិតភូមិ-ឃុំខាងលើ។

តាមការបញ្ជាក់ពីភាគីដើមចោទ បានឱ្យដឹងថា បញ្ហាទំនាស់មានប្រភពចាប់ពីប្រតិបត្តិការទិញ-លក់ដីពីម្ចាស់ដើមដូចគ្នា គឺលោក កុយ ណេង និងភរិយា ឆឹង ស៖
•  នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០០ លោក ស្រ៊ុន ឈួន បានទិញដីទំហំ ១១ម៉ែត្រ គុណ ២៤ម៉ែត្រ។
•  ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ លោក ប៉ាង ពិសិដ្ឋ បានទិញដីជាប់គ្នា ពីម្ចាស់ដើមដូចគ្នា ទំហំ ១២៨ ម៉ែត្រការ៉េ។

ក្រោយមក លោក ស្រ៊ុន ឈួន បានស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដី ក៏ប៉ុន្តែការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅស្រុកពាមរក៏ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានភាគីដើមចោទអះអាងថា «មានភាពមិនប្រក្រតី»។ ទើបភាគីដើមចោទបានជំទាស់ និងដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី០៨ ខែមករាឆ្នាំ២០១៦ ប៉ុន្តែក្រោយពីមានការទាញហេតុផលផ្ទាល់មាត់ និងស្នើសុំឱ្យមានការវាស់វែងជាក់ស្តែង ដើម្បីធ្វើការបញ្ជាក់ទៅលើទិន្នន័យនៃការបិទផ្សាយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ថាពិទជាត្រឹមត្រូវមែនទេ? ប៉ុន្តែត្រូវបានសាលាដំបូងបានច្រានចោលការទាមទារ ដោយប្រកាសសាលដីកាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។

ដោយមិនពេញចិត្តនឹងសេចក្តីសម្រេចនេះ លោក ប៉ាង ពិសិដ្ឋ បានប្តឹងឧទ្ធរណ៍។ ក្រោយមកប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍ ដែលមានលោក ស្រី ចាន់ម៉ាឌីណា បានចេញដីកាសម្រេចបង្គាប់ឱ្យមន្ទីររៀបចំដែនដី ខេត្តព្រៃវែង ចុះវាស់វែងដីទំនាស់ជាក់ស្តែង។ ទោះយ៉ាងណា តាមកំណត់ហេតុថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ភាគីចុងចម្លើយមិនអនុញ្ញាតឱ្យមន្ត្រីជំនាញចុះវាស់វែងឡើយ។

ភាគីដើមចោទអះអាងថា ក្នុងរយៈពេល ជាង ១០ឆ្នាំ សាលាឧទ្ធរណ៍បានហៅភាគីទាំងពីរចូលដោះស្រាយយ៉ាងហោចណាស់ ចំនួន ០៣ លើក ហើយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក៏បានចេញដីការសម្រេចលេខ ០៥ បង្គាប់ឱ្យមន្ត្រីជំនាញចុះវាស់វែងម្តងរួចមកហើយ ប៉ុន្តែមិនអាចអនុវត្តបានដោយសារការមិនអនុញ្ញាតពីភាគីចុងចម្លើយ។

ដើមបណ្តឹងបានអះអាងទៀតថា ក្រោមមក ក៏បានប្តូរប្រធានក្រុមប្រឹក្សាថ្មី ដែលមានលោក ជូ លឹមហ៊ាង ជាប្រធាន ក៏មិនបានសម្រេចទៀតនោះដែរ។ ចុងក្រោយនេះ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ ដែលមានលោក ហួត ហ៊ាង  ជាប្រធាន បានបើកសវនាការទាញហេតុផលផ្ទាល់មាត់ម្តងទៀត ហើយភាគីដើមចោទនៅតែទាមទារឱ្យមានការវាស់វែងជាក់ស្តែង ដើម្បីកំណត់ច្បាស់អំពីដីចំណីផ្លូវ ៣០ ម៉ែត្រ និងទំហំដីពិតប្រាកដរបស់ភាគីនីមួយៗ។

ក្រុមគ្រួសារ លោក ប៉ាង ពិសិដ្ឋ បានស្នើសុំដល់ លោកឧបនាយកដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពន្លឿន ដំណើរការរឿងក្តីនេះ និងសម្របសម្រួលឱ្យមន្ត្រីជំនាញចុះវាស់វែងជាក់ស្តែង ដើម្បីឈានដល់ការបញ្ចប់វិវាទ ចេញប្លង់កម្មសិទ្ធិយកទៅប្រើប្រាស់៕