ភ្នំពេញ៖ កម្ពុជា និងឡាវ បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់ទំហំ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០៣០។
ការប្ដេជ្ញានេះ បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ នៅវិមានសាមគ្គីភាព នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីយន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ជាពិសេសនយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិ និងសន្តិសុខ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ កម្ពុជា អាចដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ប្រទេសឡាវ ខណៈឡាវ អាចប្រើប្រាស់កម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសគ្មានព្រំដែនជាប់សមុទ្រ (Landlocked) ទៅជាប្រទេសមានការតភ្ជាប់ (Land-linked)។
បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីធានាសន្តិសុខថាមពល និងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ ព្រមទាំងបន្តប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕





