2026-02-08 10:06
7

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចប្រទេសកម្ពុជា បានបណ្តេញជនជាតិចិន ចំនួន ១១០ នាក់ ដែលពាក់ព័ន្ធបទល្មើស «Online Scams» តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិភ្នំពេញចាស់។

ការបណ្តេញក្រុមជនជាតិចិនទាំង ១១០ នាក់ គឺអនុវត្តតាម​បទបញ្ជារបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនទាំងនេះ ដោយពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអ៊ិនធើណិត។

វិធានការនេះ បង្ហាញពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះ អាជ្ញាធរក៏បន្តស្វែងរកមេខ្លោងនៅពីក្រោយ និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមសកម្មភាពឆបោក ដើម្បីឱ្យពួកគេមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕