កិច្ចប្រជុំបានផ្តោតលើការផ្លាស់ប្តូរព័ត៌មានអំពីស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍គណបក្ស និងប្រទេស ព្រមទាំងកំណត់ទិសដៅសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់អនាគត។ ភាគីទាំងបីវាយតម្លៃខ្ពស់សមិទ្ធផលកន្លងមក និងប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្ពោះទៅរកគោលដៅប្រទេសចំណូលខ្ពស់របស់វៀតណាមនៅឆ្នាំ២០៤៥ កម្ពុជាឆ្នាំ២០៥០ និងឡាវឆ្នាំ២០៥៥។
ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងបីឯកភាពជំរុញទំហំពាណិជ្ជកម្មត្រីភាគីឱ្យកើនឡើងទ្វេដង និងអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅ១» ដើម្បីលើកកម្ពស់ការធ្វើដំណើររវាងប្រទេសទាំងបី និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។
កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខត្រូវបានលើកកម្ពស់ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស Online Scams គ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងការផ្លាស់ប្តូរព័ត៌មាន និងសហការជិតស្និទ្ធនៅតំបន់ព្រំដែន។ ព្រមគ្នានេះ ភាគីទាំងបីបានជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ទូរគមនាគមន៍ ថាមពល អគ្គិសនី បរិវត្តកម្មឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។
កិច្ចប្រជុំក៏បានពិភាក្សាពន្លឿនការដោះស្រាយបញ្ហាព្រំដែននៅសេសសល់ ដើម្បីទុកជាព្រំដែនសន្តិភាពសម្រាប់ជំនាន់ក្រោយ និងបន្តការសហការនៅវេទិកាមេគង្គ តំបន់ និងអន្តរជាតិ ដោយគោរពសាមគ្គីភាព និងមជ្ឈភាពអាស៊ាន និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី។
ភាគីទាំងបីក៏បានវាយតម្លៃខ្ពស់កម្មវិធីបណ្តុះបណ្តាលមន្ត្រីវ័យក្មេងត្រីភាគី ក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»និងឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅឆ្នាំ២០២៧៕









_1770523742.jpg)



