ត្បូងឃ្មុំ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមក ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់ បានចុះត្រួតពិនិត្យនិង បានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កក ចំនួន ០៥ ទីតាំង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ (ទឹកលាងសម្អាតក្នុងទីតាំងស្តុក)។
ការត្រួតពិនិត្យបង្ហាញថា ក្រុមហ៊ុនទាំងអស់នោះ បានគ្រប់គ្រងសំណល់រាវ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងច្បាប់ (ពុំមានអាងសម្អាត) ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះទីតាំងអាជីវកម្មទាំងនោះ បានដំណើរការដោយកគ្មានកិច្ចសន្យាការពារបរិស្ថានផងដែរ។
ដើម្បីទប់ស្កាត់ការបំពុលបន្ត ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ដោយបញ្ជាឲ្យផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីសម្រេចថ្មីពីក្រសួង។ ក្រុមហ៊ុនទាំងនោះត្រូវទទួលរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រា ៨២៦ ពាក់ព័ន្ធការបង្កក្លិនស្អុយ និងរំខានដល់ការរស់នៅប្រជាពលរដ្ឋ (មាត្រា ១៦១) និងការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ (មាត្រា ១៥៦ និង ២៨៧ នៃក្រមបរិស្ថាន និងឧបសម្ព័ន្ធ «ស្តង់ដារ» នៃអនុក្រឹត្យលេខ ១០៣)។ ក៏ដូចជាការដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាន ដែលល្មើសមាត្រា ៦៦៨ នៃក្រមបរិស្ថាន និងអនុក្រឹត្យលេខ ៧២ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន តម្រូវឲ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយតម្រូវឱ្យរៀចំអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយត្រូវអនុលោមតាមគោលការណ៍បច្ចេកទេស និងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ ក្នុងរយៈពេល៣ខែ។
លើសពីនេះ ម្ចាស់ទីតាំងនីមួយៗ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចត្រូវដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងអនុម័ត ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែ។
សូមបញ្ជាក់ថា ទីតាំអអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំង ០៥ រួមមាន៖ ទីតាំងទី១- ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់, ទីតាំងទី២- ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់ ទីតាំងទី៣- ស្ថិតនៅភូមិជាំម្អោរ ឃុំមេមត់ ស្រុកមេមត់, ទីតាំងទី៤- ស្ថិតនៅភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ និងទីតាំង ទី៥- ស្ថិតភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់៕




