2026-02-08 16:10
7

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនជនសង្ស័យ ចំនួន ០៣ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៊ីឈ្នួលប្រឡងចូលសាលាពេទ្យ ដែលបានប្រព្រឹត្តនៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជូននេះធ្វើឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីការស៊ើបអង្កេតប្រមូលភស្តុតាងរួចរាល់។

តាមប្រភពពី ACU ករណីនេះពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ និងការប្រើប្រាស់ឥទ្ធិពលអំណាច ដើម្បីជួយឱ្យបេក្ខជនខ្លះឆ្លងកាត់ការប្រឡងចូលសាលាពេទ្យដោយមិនគោរពតាមនីតិវិធីត្រឹមត្រូវ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពស្មោះត្រង់ និងគុណភាពវិស័យសុខាភិបាល។

ជនសង្ស័យទាំងបីនាក់រួមមាន៖ ទី១- ឈ្មោះ រស់ វត្ថា មន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងអ្នកជំងឺ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ត្រូវបានសង្ស័យ ពីបទ៖ «រំលោភអំណាចមានប្រសិទ្ធភាព និងក្លែងបន្លំឯកសារសាធារណៈ»។ ទី២- ឈ្មោះ គូ ស្រីល័ក្ខ និស្សិតឆ្នាំទី៣ ថ្នាក់បរិញ្ញាបត្ររង សាលាភូមិភាគសុខាភិបាលខេត្តស្ទឹងត្រែង ត្រូវបានសង្ស័យ ពីបទ៖ «ក្លែងបន្លំឯកសារសាធារណៈ សមគំនិតក្នុងអំពើក្លែងបន្លំ និងសមគំនិតក្នុងបទរំលោភអំណាចមានប្រសិទ្ធភាព» និងទី៣- ឈ្មោះ ឈួន សុផល់ គ្រូបង្រៀន ត្រូវបានសង្ស័យ ពីបទ៖ «រំលោភអំណាចមានប្រសិទ្ធភាព និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ»។

ពាក់ករណីនេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការអនុវត្តប្រតិបត្តិការឃាត់ ទប់ស្កាត់ និងលុបបំបាត់បាតុភាព «ប្រឡងជំនួស» ឱ្យបានទាំងស្រុង ដើម្បីការពារភាពស្មោះត្រង់ និងគុណភាពក្នុងប្រព័ន្ធអប់រំ ជាពិសេសក្នុងវិស័យសុខាភិបាល។

ការគាំទ្រនេះត្រូវបានលើកឡើងនៅថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពី ACU បន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ លើករណីពាក់ព័ន្ធនឹងការរៀបចំប្រឡងជំនួស និងការក្លែងបន្លំឯកសារ ដែលប៉ះពាល់ដល់សេចក្តីជឿជាក់របស់សង្គម និងគុណភាពធនធានមនុស្សជាតិ។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងសិស្សនិស្សិត និងមាតាបិតា ឱ្យចូលរួមសហការយ៉ាងសកម្ម ក្នុងការការពារ និងរាយការណ៍អំពើមិនប្រក្រតីដែលអាចកើតមានក្នុងដំណើរការប្រឡង។

ACU ក៏បានបញ្ជាក់ថា នឹងបន្តពង្រឹងវិធានការស៊ើបអង្កេត និងអនុវត្តច្បាប់ ដោយមិនលើកលែងចំពោះបុគ្គលណាដែលពាក់ព័ន្ធនឹងបាតុភាពនេះ ដើម្បីធានាថា ប្រព័ន្ធប្រឡង និងការជ្រើសរើសបេក្ខជន មានភាពយុត្តិធម៌ ស្មោះត្រង់ និងមានតម្លាភាព។

បច្ចុប្បន្ន សំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់៕