2026-02-11 10:56
7

(Reuters) – មិនមែនគ្រាន់តែប្រើពាក្យគម្រាម និងបញ្ជូននាវាចម្បាំងដ៏កំណាចទៅកៀកមាត់ទ្វារអ៊ីរ៉ង់ ដែលអាមេរិកចាត់ទុកថា ជាការគម្រាមដោយប្រយោលដើម្បីឲ្យទីក្រុងតេអេរ៉ង់ដោះដូរលក្ខខណ្ឌណាមួយជាមួយខ្លួនទៀតទេ តែលើកនេះទីក្រុងវ៉ាស៊ីនតោនហាក់ចង់ប្រើកម្លាំងជាមួយមេដឹកនាំអ៊ីរ៉ង់ពិតប្រាកដហើយ។

តាម Reuter បានឲ្យដឹងនៅថ្ងៃទី១០ កុម្ភៈថា កងកម្លាំងអាមេរិកនៅក្នុងមូលដ្ឋានទ័ព al-Udeid របស់ប្រទេសកាតា ដែលចាត់ទុកថាជាមូលដ្ឋានធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ានោះ បានដាក់មីស៊ីលចូលទៅក្នុងឧបករណ៍បាញ់បង្ហោះមួយ ដែលគេបានឃើញតាមរយៈការវិភាគលើរូបភាពផ្កាយរណប មានន័យថាមីស៊ីលទាំងនេះអាចផ្លាស់ទីបានលឿនជាងមុន និងងាយស្រួលដាក់ពង្រាយយ៉ាងឆាប់រហ័សដើម្បីវាយប្រហារ ឬត្រូវបានផ្លាស់ប្តូរការការពារក្នុងករណីមានការវាយប្រហាររបស់អ៊ីរ៉ង់ ប្រសិនរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន មិនរកច្រេកចេញពីភាពតានតឹងបាន។

ពាក្យគម្រាមដែលគ្មានការបញ្ចប់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែព្រមានថា នឹងទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ពិសេសលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសនេះ ដោយមានការគាំទ្រពីក្រុមសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ាផ្សេងទៀតរបស់លោក ទោះបីជាកិច្ចចរចាដើម្បីបញ្ចៀសសង្រ្គាមរវាងប្រទេសទាំងពីរនៅតែបន្តក៏ដោយ។ យ៉ាងណាមិញ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានតវិញថា ក្នុងករណីមានការវាយប្រហារលើទឹកដីអ៊ីរ៉ង់សូម្បីតែបន្តិចនោះ ពួកគេអាចសងសឹកលើមូលដ្ឋានទ័ពអាមេរិកណាមួយវិញមិនខាន។

គួរឲ្យដឹងថា អាមេរិកមិនមែនមានតែមូលដ្ខានទ័ពនៅតែប្រទេសកាតានោះទេ ប៉ុន្តែមហាអំណាចពិភពលោកនេះ ក៏មានមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន អារ៉ាប់រួម អូម៉ង់ តួកគី និងនៅលើ ឌីអេហ្គូ ហ្កាស៊ីអា (Diego Garcia) ក្នុងមហាសមុទ្រឥណ្ឌាផងដែរ។ ចំណែកអ៊ីរ៉ង់វិញ ក៏មានទីតាំងកាំជ្រួចក្រោមដីនៅជិតក្រុងតេអេរ៉ង់ ព្រមទាំងនៅ ឃើមែនសៈ (Kermanshah), សេមណាន (Semnan) និងក្បែរឆ្នេរឈូងសមុទ្រទៀតផង។ 

ទោះជាបែបនេះ ទោះមានឈ្មោះជាមហាអំណាចពិភពលោកមែនពិត តែប្រសិនសង្គ្រាមត្រូវផ្ទុះឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ពិតមែន ទីក្រុងវ៉ាស៊ីនតោននឹងត្រូវខាតបង់ខ្លាំងដូចគ្នាព្រោះសម្ព័ន្ធរបស់ប្រទេសនេះ ស្ថិតក្រោមការគម្រាមក្នុងដៃទីក្រុងតេអេរ៉ង់ដូចគ្នា៕

អត្ថបទដោយ៖ ម៉េង ធីដា