យុទ្ធសាស្រ្តថ្មីរបស់អាមេរិកកំពុងលេចឡើងបណ្ដើរៗហើយ សង្គ្រាមលើអាកាសក៏សង្គ្រប់ទម្លាក់គ្រាប់មិនដកដៃ រីឯសង្គ្រាមផ្លូវគោកក៏ លោក ត្រាំ បានត្រៀមវិធីសាស្រ្តរួចអស់ដែរ។ ក្នុងនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាលើកដំបូងថា លោកបានផ្តល់អាវុធជាច្រើនដល់ក្រុមបាតុករដែលប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់។
តាមប្រភពពី Fox News លោក ត្រាំ បានផ្ដល់បទសម្ភាសន៍មួយកាលពីថ្ងៃទី5 ខែមេសា ដោយនិយាយចំៗថា "យើងបានបញ្ជូនកាំភ្លើងជាច្រើនទៅពួកគេ។ យើងបានបញ្ជូនពួកវាតាមរយៈជនជាតិឃឺដ។ ហើយខ្ញុំគិតថា ពួកឃឺដនឹងរក្សាអាវុធទាំងនោះ" ។
នេះជាលើកទីមួយហើយ ដែលប្រធានាធិបតីអាមេរិកបាននិយាយជាសាធារណៈអំពីវិធានការបញ្ជូនអាវុធទៅឱ្យកងកម្លាំងប្រឆាំងនៅក្នុងទឹកដីអ៊ីរ៉ង់ ស្របពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ាបានអូសបន្លាយជាងមួយខែទៅហើយ។
យុទ្ធសាស្រ្តអាមេរិកលើកនេះមិនមែនជាការចំណាយអាវុធឥតន័យនោះទេ។ ត្រឡប់ទៅមើលពីព្រឹត្តិការណ៍កាលពីចុងខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែមករា ឆ្នាំ២០២៦ ប្រជាជនអ៊ីរ៉ង់ជាងមួយម៉ឺននាក់បានសម្រុកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ យ៉ាងខ្លាំងក្លាហួសពីការរំពឹងទុក។
ហេតុការណ៍នេះ បណ្ដាលឲ្យទីក្រុងតេអេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជាអ្នកនៅពីក្រោយចាំញុះញង់ក្រុមបាតុករទាំងនោះ។
ទន្ទឹមនឹងការចោទប្រកាន់នេះ ក្រុមបដិវត្តន៍អ៊ីរ៉ង់ (IRGC) ក៏បានចាប់ខ្លួនមនុស្សចំនួន 735 នាក់ និងរឹបអូសអាវុធខុសច្បាប់ចំនួន 743 ដើម ពីមនុស្សប្រហែល 11,000 នាក់ រួមទាំងចាប់មនុស្សចំនួន 46 នាក់ ដែលចោទថាមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មបរទេស។
រង់ចាំមើលថា តើអាវុធទាំអនោះបានទៅដល់ដៃក្រុមប្រឆាំងអ៊ីរ៉ង់ដែរឬទេ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





