2026-04-06 15:41
6

យន្តហោះអាមេរិកចំនួន៦គ្រឿងដូចជា យន្តហោះដឹកជញ្ជូនចំនួនពីរគ្រឿង និងឧទ្ធម្ភាគចក្រ៤គ្រឿង ត្រូវបានបំផ្លាញនៅក្នុងប្រតិបត្តិការជួយសង្គ្រោះអ្នកបើកយន្តហោះ F-15E នៅក្នុងប្រទេសអ៊ីរ៉ង់។

ប្រភពពី រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី៥ ខែមេសា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ដំបូងឡើយ ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះចម្បាំង F-15E ដែលត្រូវបានបាញ់ធ្លាក់នៅអ៊ីរ៉ង់កាលពីថ្ងៃទី៣ ខែមេសា។ 

កងកម្លាំងពិសេសអាមេរិកប្រហែល១០០នាក់ បានលួចចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដោយសម្ងាត់នៅពេលយប់ និងបានឡើងភ្នំកម្ពស់ជាង ២,០០០ ម៉ែត្រ ដើម្បីទៅដល់គោលដៅជួយសង្គ្រោះ។ 

បន្ទាប់ពីនោះ អ្នកបើកយន្តហោះ និងកងកម្លាំងពិសេសក៏បានជួបគ្នា រួចពួកគេប្រញាប់នាំគ្នាត្រឡប់ទៅកាន់ចំណុចប្រមូលផ្តុំវិញឲ្យបានមុនពេលព្រឹក ដើម្បីរង់ចាំឡើងយន្តហោះដឹកជញ្ជូន និងដកខ្លួនចេញពីទឹកដីអ៊ីរ៉ង់។ 

តែជាអកុសល អំឡុងពេលឡើងលើយន្តហោះ MC-130J Commando II ចំនួន២គ្រឿង ស្រាប់តែវាបានជួបបញ្ហាបច្ចេកទេស ដែលធ្វើឲ្យប្រតិបត្តិការទាំងមូលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ 

ភ្លាមៗនោះ មេបញ្ជាការអាមេរិកម្នាក់ បានសម្រេចចិត្តទាំងប្រថុយប្រថានដើម្បីជួយកងកម្លាំងទាំងអស់អាចចាកចេញពីទឹកដីអ៊ីរ៉ង់បាន។ 

ជំហ៊ានទី១ មេបញ្ជានេះបានសម្រេចដាក់ពង្រាយយន្តហោះបម្រុងបន្ថែមចូលទៅក្នុងអ៊ីរ៉ង់ បន្ទាប់មកត្រូវបញ្ជូនកងទ័ពចេញម្ដងមួយដំណាក់កាល។ ការប្រថុយនេះ យន្តហោះបម្រុងអាមេរិក ត្រូវហោះចូលទឹកដីអ៊ីរ៉ង់ជាច្រើនជើង ដើម្បីដឹកទ័ពអាមេរិកបន្តិចម្ដងៗ ដែលធ្វើឲ្យកងកម្លាំងពិសេសប្រហែល១០០នាក់ ត្រូវស៊ូទ្រាំរង់ចាំទាំងតានតឹងរយៈពេលជាច្រើនម៉ោង ទម្រាំដល់វេនពួកគេត្រូវឡើងយន្តហោះជួយសង្គ្រោះ។ 

ជាសំណាងល្អ ប្រតិបត្តិការនេះក៏បានជោគជ័យ ហើយកងកម្លាំងអាមេរិកទាំងអស់ក៏អាចដកខ្លួនចេញពីទឹកដីសត្រូវបានដោយសុវត្ថិភាព។

មុនពេលចាកចេញ កងទ័ពអាមេរិកបានបំផ្លាញយន្តហោះរបស់ពួកគេដោយខ្លួនឯងដែលសរុបចំនួន ៦គ្រឿង រួមមាន៖ យន្តហោះ MC-130J ២គ្រឿងដែលខូច និងឧទ្ធម្ភាគចក្រ ៤គ្រឿង ។ ការបំផ្លាញនេះគឺដើម្បីមិនឲ្យអ៊ីរ៉ង់អាចយកឧបករណ៍យោធាសំខាន់ៗរបស់អាមេរិកទៅប្រើប្រាស់បាន។

សូមបញ្ជាក់ថា ចំនួនខូចខាតនៃយន្តហោះរបស់សហរដ្ឋអាមេរិក មានទិន្នន័យខុសគ្នាពីសារព័ត៌មាន The New York Times ដែលបានចេញផ្សាយដំបូងថា មានតែយន្តហោះ ២គ្រឿងប៉ុណ្ណោះដែលត្រូវបានបំផ្លាញនិងទុកចោល។ 

រីឯមន្ទីរការពារជាតិអាមេរិក (Pentagon) វិញ ក៏មិនទាន់មានការឆ្លើយតបអ្វីលើព័ត៌មាននេះនៅឡើយដែរ៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា