2023-09-02 04:09
353

ភ្នំពេញ៖ តាមរយៈរូបភាពជាច្រើនសន្លឹក និងឃ្លីបវីដេអូរបង្ហាញពីភាពដ៏ស្រស់ស្អាត នៃរបាំបុរាណខ្មែរ នាសម័យអង្គរ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់យកទៅបង្ហាញឲ្យសាធារណៈជនលើពិភពលោកបានទស្សនា នៅលើភ្នំទឹកកក នៅឯប្រទេស New Zealand រហូតធ្វើឲ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា កោតសរសើរផងដែរ។ 

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីមានការបង្ហោះ និងចែកចាយរូបថត និងវីដេអូរ ទេពអប្សរាអង្គរនៅលើបណ្តាញសង្គម ដែលកូនខ្មែរយកទៅសម្តែងលើភ្នំទឹកក ក្នុងប្រទេស New Zealand នោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand»។ 

សូមជម្រាបដែរថា ចំពោះតួរអង្គរសម្តែងរបាំទេពអប្សរាអង្គរលើភ្នំទឹកកក នាទឹកដីប្រទេស New Zealand ដែលទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីសំណាក់មហាជន និងប្រមុខថ្នាក់ដឹកនាំ កញ្ញាជាសិល្បៈការីនីផ្នែកបុរាណ មានឈ្មោញ សុខគា គីមលាង ហៅ កូន អាត ដែលបាននាំយកឈុត «អប្សរាអង្គរកម្ពុជា» មករាំបង្ហាញផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ល្អផូផង់ ស្រស់ត្រកាល និងរុងរឿងគង់វង្សរបស់ខ្មែរ ទៅកាន់ពិភពលោកបានទស្សនាយ៉ាងត្រជាក់ភ្នែក។ 

សូមបញ្ជាក់ថា កញ្ញា សុខគា គីមលាង ក៏ជានាថការីជាតួអង្គ «ព្រះថោង» សម្តែងនៅក្នុងព្រឹត្តិការណ៍ SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕