2023-09-18 03:09
274

រុស្ស៊ី៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោយពីបញ្ចប់ទស្សនកិច្ចរយៈពេល ០៦ថ្ងៃ បានទទួលគ្រឿងសឹកអាវគ្រោះការពារគ្រាប់ និងយន្តហោះគ្មានមនុស្សបើក ជាអំណោយផ្តល់ជូនរបស់រុស្ស៊ី សម្រាប់ការដោះដូរគ្រឿងអាវុធ បានធ្វើឱ្យលោកខាងលិចមានការព្រួយបារម្ភអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

មុននឹងការបញ្ជូនចេញនេះ បានបញ្ចប់ដំណើរទស្សនកិច្ចដ៏កម្ររយៈពេល ០៦ថ្ងៃឃើញថា លោក គីមជុងអ៊ុន ជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបង្កើនលទ្ធភាពដែលកូរ៉េខាងជើងអាចផ្តល់អាវុធដល់រុស្ស៊ី ដើម្បីជួយដល់ការឈ្លានពានប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ លោក Kim បានចាកចេញពីភាគខាងកើត នៃទីក្រុង Vladivostok ជាកន្លែងដែលលោកបានត្រួតពិនិត្យយន្តហោះចម្បាំង ទស្សនាអាកាសយានដ្ឋាន និងទស្សនានាវាចម្បាំងរបស់កងនាវាចរប៉ាស៊ីហ្វិក ដើម្បីត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញ តាមរថភ្លើងឯកជនបំពាក់ពាសដែកធ្ងន់ បន្ទាប់ពីពិធីលាគ្នាដ៏ធំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី និងកូរ៉េខាងជើងបានរាយការណ៍។

ក្នុងការធ្វើដំណើរជាង ៤ ០០០គីឡូម៉ែត្រ (២ ៤០០ម៉ាយ) ឆ្លងកាត់ភាគខាងកើតនៃប្រទេសរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង ត្រូវបានទទួលការស្វាគមន៍ដោយម្រាលព្រំក្រហមពេញក្នុងការធ្វើដំណើររបស់គាត់ ដែលភាគច្រើនត្រូវបានចំណាយទៅទស្សនាទីតាំងយោធា។ កូរ៉េខាងជើង ត្រូវបានដាក់ទណ្ឌកម្មយ៉ាងខ្លាំង ហើយកំពុងត្រូវការគ្រប់យ៉ាងពីថាមពល អាហារ រហូតដល់បច្ចេកវិទ្យាយោធា។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា “នៅពេលលោក Kim ចាកចេញ អភិបាលនៃតំបន់ Primorye ភាគខាងកើតនៃប្រទេសរុស្ស៊ី បានផ្តល់ឱ្យគាត់នូវអាវការពារគ្រាប់កាំភ្លើង និងយន្តហោះគ្មានមនុស្សបើកមួយឈុត”។ ទីភ្នាក់ងារព័ត៌មានរដ្ឋដដែល បានបន្ថែមថា “នេះគឺជាគ្រឿងសឹកការពាររាងកាយដែលមានតំបន់ការពារសម្រាប់ទ្រូង ស្មា បំពង់ក និងក្រលៀន ហើយវាស្រាលជាងអាណាឡូកដែលគេស្គាល់ច្រើន”។

ទីភ្នាក់ងាររដ្ឋ TASS បានបន្ថែមថា “លោក Kim ក៏ត្រូវបានបង្ហាញជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារ ចំនួន០៥គ្រឿង ដែលផលិតនៅក្នុងតំបន់តែមួយ ក៏ដូចជាយន្តហោះដ្រូនស៊ើបការណ៍ប្រភេទ Geranium-25 និងឈុតសម្លៀកបំពាក់ពិសេស ដែលមិនអាចមើលឃើញដោយម៉ាស៊ីនថតរូបភាព និងកម្ដៅ គឺជាអំណោយបន្ថែម។

បន្ទាប់ពីពិធីលាគ្នាដែលរួមបញ្ចូលកម្រាលព្រំក្រហម និងឆ្មាំកិត្តិយស លោក Kim ត្រូវបានគេឃើញឡើងលើរថភ្លើងផ្ទាល់ខ្លួនរបស់គាត់ ដែលបានចាកចេញពីស្ថានីយ៍រថភ្លើង Artyom ខណៈពេលដែលមន្រ្តីរុស្ស៊ីគ្រវី នៅក្នុងវីដេអូដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ទៀតថា “រថភ្លើងនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរជាង ២០០គីឡូម៉ែត្រ (១២៤ម៉ាយ) ពី Artyom ទៅកាន់ទីក្រុងព្រំដែន Khasan។ ប៉ុន្តែកិច្ចពិភាក្សានេះ បានបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលប្រទេសទាំងពីរប្រឈមនឹងភាពឯកោអន្តរជាតិ “រុស្ស៊ីសម្រាប់ការឈ្លានពានអ៊ុយក្រែន និងកូរ៉េខាងជើងសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន”។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា លោក Kim មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឧស្សាហកម្មផលិតយន្តហោះរបស់រុស្ស៊ី បន្ទាប់ពីការធ្វើដំណើរទៅកាន់រោងចក្រអាកាសចរណ៍ Komsomolsk-on-Amur Yuri Gagarin កាលពីថ្ងៃសុក្រ។ លោក Kim បានទៅទស្សនាកន្លែងផ្សេងៗ រួមទាំងហាងដំឡើងតួយន្តហោះចម្បាំង និងហាងផលិតស្លាប។

កាលពីថ្ងៃសៅរ៍ លោក Kim បានត្រួតពិនិត្យយន្តហោះចម្បាំង ទស្សនាអាកាសយានដ្ឋានជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងបានទៅទស្សនានាវាចម្បាំងរបស់កងនាវាចរប៉ាស៊ីហ្វិក អមដោយអគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី។
យោងតាម KCNA បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការយោធា “រវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងក្នុងវិស័យការពារជាតិ និងសន្តិសុខរបស់ពួកគេ” ត្រូវបានពិភាក្សារវាងលោក Kim និង Shoigu។

សូមជម្រាបថា កូរ៉េខាងត្បូង ជប៉ុន អ៊ុយក្រែន សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប មានការព្រួយបារម្ភចំពោះដំណើរទស្សនកិច្ចនេះ ដោយប្រទេសជាច្រើនបានចេញការព្រមានទាក់ទងនឹងការរំលោភលើទណ្ឌកម្មអន្តរជាតិ ដែលអាចកើតមានដោយកូរ៉េខាងជើង និងរុស្ស៊ី ខណៈពេលដែលព័ត៌មានលម្អិតពិតប្រាកដនៅតែមិនច្បាស់លាស់ អំពីប្រភេទនៃការពិភាក្សា ដែលបានកើតឡើងនៅពីក្រោយទ្វារបិទ អ្នកសង្កេតការណ៍និយាយថា វាច្បាស់ណាស់ថា តើភាគីនីមួយៗកំពុងស្វែងរកអ្វីពីគ្នាទៅវិញទៅមក?។
ទីក្រុងមូស្គូកំពុងអស់សង្ឃឹមសម្រាប់ការផ្គត់ផ្គង់គ្រាប់រំសេវ និងគ្រាប់ផ្លោងថ្មីៗ ខណៈដែលសង្គ្រាមជាមួយអ៊ុយក្រែនអូសបន្លាយ ហើយទីក្រុងព្យុងយ៉ាងត្រូវបានគេជឿថាកំពុងអង្គុយនៅលើឃ្លាំង។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយអាចមើលឃើញថា កូរ៉េខាងជើងទទួលបានដៃគូរបស់ខ្លួនលើបច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានដាក់ទណ្ឌកម្ម ដែលអាចត្រូវបានប្រើដើម្បីបន្តមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន៕