2023-11-18 09:02
508

ថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែងដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកមហោស្រពសិល្បៈយុវជនថ្នាក់ខេត្តឆ្នាំ ២០២៣ នាពេលនេះ។ ខ្ញុំសូមសម្តែងនូវក្តីរីករាយជាអនេក ចំពោះវត្តមានរបស់លោកស្រី អស់លោក លោកគ្រូ អ្នកគ្រូ គណៈកម្មការ និងក្មួយៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងពិធីបើកមហោស្រពសិល្បៈយុវជន ដ៏មានសារៈសំខាន់នេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ និងក្មួយៗយុវជនទាំងអស់ ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំឲ្យមហោស្រពនេះ ប្រព្រឹត្តទៅប្រកបដោយមោទនភាពនាឱកាសនេះ។

លោក លោកស្រី អង្គពិធីទាំងមូល ជាទីមេត្រី ! រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១.បន្តពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានកំណត់ក្នុងបញ្ចកោណទី១ អំពីការអភិវឌ្ឍមូល ធនមនុស្ស ហើយក្នុងមុំទី៥ នៃចតុកោណទី១នេះ បានកំណត់អំពីការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ផ្តើមចេញពីនេះ ការអភិរក្សមរតកវប្បធម៌ជាតិ ត្រូវបានចាត់ទុកជាកាតព្វកិច្ចចម្បង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែខំពុះពារបំពេញឲ្យបាន។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយដែលជួយ បង្កលក្ខខណ្ឌសមប្រកប ដែលជាឱកាសក្នុង "ការអភិវឌ្ឍវប្បធម៌ជាតិ"។ ការអភិរក្សនិងអភិវឌ្ឍវប្បធម៌បានល្អប្រសើរ គឺជាការលើកកម្ពស់ សីលធម៌ គុណធម៌ និងកិត្យានុភាពជាតិ។ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ រាជរដ្ឋាភិបាលដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាស្ថាប័នជំនាញ បានដាក់ចេញនូវវិធានការសំខាន់ៗ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិទាំងរូបី និងអរូបី, ការលើកតម្លៃវប្បធម៌ជាតិ និងការអភិវឌ្ឍវប្បធម៌។

ក្នុងទិសដៅធានាឲ្យមានប្រសិទ្ធភាពដល់ការលើកតម្លៃវប្បធម៌ជាតិ ក្រសួងជំនាញបានកំណត់នូវ សកម្មភាពជាអាទិភាពក្នុងនោះមាន ការពង្រឹង និងការពង្រីកវិសាលភាពនៃការផ្សព្វផ្សាយវប្បធម៌ជាតិឲ្យកាន់តែទូលំទូលាយតាមរយៈការសម្ដែង មហោស្រព និងការតាំងពីពណ៌។

ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា វប្បធម៌ជាតិ ត្រូវបានលើកកម្ពស់ប្រកបដោយកិត្យានុភាពនៅលើឆាកអន្តរជាតិ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រជាជនកម្ពុជានោះគឺ អង្គការយូណេស្កូបានអនុម័តបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌ ពិភពលោកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាសមិទ្ធផលថ្មីមួយក្នុងការលើកកម្ពស់កិត្យានុភាពជាតិឱ្យល្បីល្បាញពេញសកលលោក។ គិតមកទល់ពេលនេះ កម្ពុជាយើងបានបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ចំនួន៤ រួចមកហើយ ក្នុងនោះមាន រមណីយដ្ឋានតំបន់អង្គរ ប្រាសាទព្រះវិហារ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងចុងក្រោយនេះ គឺរមណីយដ្ឋានប្រាសាទកោះកេរ ។ ក្រៅពីបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី កម្ពុជា ក៏បានបញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ចំនួន៦ ផ្សេងទៀត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលក្នុងនោះមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយ អណ្តែត និងគុនល្បុក្កតោ។ ជាងនេះទៅទៀត តាមរយៈរមណីយដ្ឋានប្រវត្តិសាស្ត្រនិងធម្មជាតិ សារមន្ទីរ បុរាណដ្ឋាន វត្ថុបុរាណ សិល្បៈ ល្ខោន របាំ ចម្រៀង និងសិប្បកម្មបែបប្រពៃណីជាដើម បាននឹងកំពុងបម្រើវិស័យទេសចរណ៍ព្រមទាំងបានចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

អង្គពីធីទាំងមូលជាទីមេត្រី! ការរៀបចំមហោស្រពសិល្បៈយុវជនថ្នាក់ខេត្តឆ្នាំ២០២៣ នាពេលនេះ បានបង្ហាញពីកិច្ចខិតខំអនុវត្តតួនាទី ភារកិច្ចរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ និងយុវជនទាំងអស់ ក្នុងការចូល រួមចំណែកអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជាតិ ដែលកូនខ្មែរគ្រប់រូបត្រូវមានភារកិច្ចចូលរួមការពារសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិ។ ម្យ៉ាងទៀត កម្មវិធីមហោស្រពសិល្បៈយុវជនថ្ងៃនេះ បានបង្ហាញឲ្យឃើញថា យុវជនជាកម្លាំងចលករដ៏ សំខាន់ក្នុងកិច្ចអភិរក្ស និងលើកស្ទួយវិស័យវប្បធម៌ជាតិ ស្របនឹងប្រធានបទក្នុងទិវាវប្បធម៌ជាតិ ៣ មីនា កាលពីឆ្នាំកន្លងទៅ ដែលបានកំណត់ថា “យុវជនដើម្បីវប្បធម៌ជាតិ”។

ទោះបីមហោស្រពសិល្បៈយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៣ នេះ មានរយៈពេលខ្លី ប៉ុន្តែខ្ញុំសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ពិធីមហោស្រពសិល្បៈនេះទៅ លោក លោកស្រី ប្អូនៗយុវជន យុវនារី និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមនាឱកាសនេះ និងបានទស្សនាតាមរយៈមធ្យោបាយផ្សព្វផ្សាយនានា ពិតជាបានយល់ជ្រាប កាន់តែច្បាស់អំពីគុណតម្លៃ នៃវប្បធម៌ជាតិយើង ដូចពាក្យស្លោកមួយលើកឡើងថា “ វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន” ព្រោះវប្បធម៌គឺជាឫសកែវនិងជាអត្តសញ្ញាណជាតិ ហេតុនេះយើងមានភារកិច្ច ចូលរួមថែរក្សាអត្តសញ្ញាណជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍រៀងទៅ។

ជាថ្មីម្ដងទៀត ខ្ញុំសូមផ្ដាំផ្ញើដល់ លោក លោកស្រី ភ្ញៀវកិត្តិយស ពិសេសប្អូនៗ យុវជន យុវនារី ទាំងអស់ ដែលមានវត្តមាននៅទីនេះ រួមគ្នាបន្តថែរក្សាទំនៀមទំលាប់ប្រពៃណី សិល្បៈវប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យបានគង់វង្ស៕