2023-05-11 02:05
468


ភ្នំពេញ ៖   ការដកដង្ហើម គឺចាំបាច់ណាស់ដើម្បីយើងអាចរស់នៅបានតាមរយៈការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ចូលក្នុងរាងកាយដើម្បីដំណើរការមុខងារប្រក្រតីនៃសរីរាង្គផ្សេងៗ។  ហើយពិតណាស់នេះជាហេតុផលដ៏សំខាន់បំផុតមួយដែលយើងគួរព្យាយាមធ្វើយ៉ាងណារក្សាអោយបាននូវមុខងារសួតត្រឹមត្រូវល្អប្រសើរ។ ថ្ងៃនេះសូមបង្ហាញឱ្យដឹងពីកំពូលអាហារដែលល្អសម្រាប់សុខភាពសួត ៖


១. តែបៃតង
មានផ្ទុកសម្បួរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកម្ចាត់ជាតិពុលផ្សេងៗដែកត្រូវបានស្រូបចូលសួត។ សារធាតុប្រឆាំងអុកស៊ីតកម្មក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។
២. រមៀត
នោះក៏ព្រោះតែរមៀតមានផ្ទុកសារធាតុ curcumin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបង្កើនសមត្ថភាពមុខងារនៃប្រព័ន្ធផ្លូវដង្ហើម។ ការទទួលទានរមៀតក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួតផងដែរ។
៣. គ្រាប់ធញ្ញជាតិ
មានផ្ទុកជាតិម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលប្រសើរសម្រាប់សុខភាពសួត។ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃក្នុងមួយថ្ងៃឡើយ។
៤. សាច់មាន់
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ដែលជួយពង្រឹងសុខភាពសួត។ ម្យ៉ាងវិញទៀតរាងកាយងាយនឹងស្រូបយកនូវវីតាមីន A ដែលមានប្រភពចេញពីសត្វ។
៥. ផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងសារធាតុក្លរ៉ូភីលដែលជួយបន្សាបជាតិពុល និងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរឱ្យកត់សម្គាល់។
៦. ផ្លែប៉ោម
ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលជួយអោយសួតមានសុខភាពល្អ ហើយទប់ស្កាត់ហានិភ័យនៃបញ្ហាផ្សេងៗ។


៧. ត្រីសម្បូរខ្លាញ់
អាស៊ីតខ្លាញ់អូមេហ្កា ៣ មិនត្រឹមតែជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ពង្រឹងសុខភាពសួតផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមត្រីសម្បូរខ្លាញ់ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៨. ទឹក
ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ រួមបញ្ចូលទាំងសួត។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំ។
៩. ខ្ញី

មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយទប់ស្កាត់ផ្លូវដង្ហើមពីការស្ទះ។ ការទទួលទានខ្ញីអាចផ្ដល់អត្ថប្រយោជន៍គួរអោយកត់សម្គាល់ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឆ្លងរោគផ្លូវដង្ហើមផ្នែកខាងលើ។ ដូច្នេះដើម្បីអាចដកដង្ហើមបានស្រួល អ្នកគួរទទួលទានតែខ្ញី។
១០. ល្ពៅ
មានផ្ទុកសម្បូរទៅដោយសារធាតុ carotenoids រួមបញ្ចូលទាំង beta carotene សារធាតុ lutein និង zeaxanthin ដែលសុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយការពារសុខភាពសួតគូរឱ្យកត់សម្គាល់៕