2024-12-22 11:03
6

BANDA ACEH ប្រទេសឥណ្ឌូនេស៊ី (AP) ៖ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ នៅឯឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្សប្រហែល ពីរសែនបីម៉ឺន នាក់ (230,000 នាក់) នៅទូទាំងប្រទេសជាច្រើន ដែលឈានទៅដល់ទ្វីបអាហ្វ្រិកខាងកើតផងដែរ។ 

ក្នុងចំណោមនោះខេត្ត Aceh ដែលស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី មានទីតាំងនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបំផុត និងមានស្រុក និងក្រុងចំនួន ១៨ ក្នុងចំណោម ស្រុក\ក្រុង ចំនួន២៣ ដែលស្ថិតនៅក្នុងខ្សែបន្ទាត់ឆ្នេរសមុទ្រនៅភាគខាងជើងនៃកោះស៊ូម៉ាត្រា បានទទួលរងនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរជាមួយនឹងចំនួនអ្នកស្លាប់សរុបជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់សរុប។

បន្ទាប់ពីព្រឹត្តិការណ៍នៃគ្រោះមហន្តរាយនេះបានកើតឡើង មនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ប្តូរទីតាំងដើម្បីចាប់ផ្តើមជាថ្មី។ 

ម្ចាស់ជំនួយ និងអង្គការអន្តរជាតិជាច្រើនបានចំណាយថវិកាដើម្បីជួយកសាងឡើងវិញ នូវតំបន់ដែលរងផលប៉ះពាល់ដែលបានបណ្ដាលឲ្យបាត់បង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលមានភាពរឹងមាំជាងមុនពេលដែលរលកយក្សស៊ូណាមិវាយប្រហារ។

មជ្ឈមណ្ឌលស្រាវជ្រាវរលកយក្សស៊ូណាមិ និងកាត់បន្ថយគ្រោះមហន្តរាយនៅសាកលវិទ្យាល័យ Syiah Kuala ក្នុងទីក្រុង Aceh បានកត់ត្រាសាលារៀនជាង ១,៤០០ ដែលត្រូវបានបំផ្លាញ ហើយសិស្សប្រហែល មួយសែនប្រាំម៉ឺន នាក់ (150,000 នាក់) ត្រូវបានរំខានដោយរលកបំផ្លិចបំផ្លាញនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៩ ។

“អគារគេចខ្លួន” ចំនួនបីក៏ត្រូវបានសាងសង់ផងដែរនៅក្នុងតំបន់ដែលមានសុវត្ថិភាពជាងមុន ដើម្បីផ្ទុកមនុស្សរាប់ពាន់នាក់ ប្រសិនបើមានការរញ្ជួយដី និងរលកយក្សស៊ូណាមិម្ដងទៀត។

នៅទូទាំងខេត្ត អនុស្សាវរីយ៍នៃរលកយក្សស៊ូណាមិមានស្ទើរតែគ្រប់ទីកន្លែង ដែលបានដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនឥណ្ដូនេស៊ីជាប់ជានិច្ច ដោយពួកគេមិនអាចបំផ្លាញនូវសោកនាដកម្មនៃគ្រោះមហន្តរាយនេះចេញពីបេះដូងរបស់ពួកគេបានឡើយ។

សារមន្ទីររលកយក្សស៊ូណាមិ Aceh នៅ Banda Aceh មានរូបថតនៃការខូចខាត និងកម្ទេចកម្ទីរថយន្តទុកជាការរំលឹកជានិច្ចនូវអ្វីដែលបានបាត់បង់នៅថ្ងៃនោះ។ 

អាជ្ញាធរក្នុងតំបន់ក៏បានបង្វែរអតីតកប៉ាល់រោងចក្រថាមពលដើរដោយប្រេងម៉ាស៊ូតអណ្តែតទឹក ដែលបានបោកបក់ប្រហែល ៦ គីឡូម៉ែត្រ (ប្រហែល 4 ម៉ាយល៍) ទៅក្នុងដីដោយរលកយក្សស៊ូណាមិ ទៅជាកន្លែងអនុស្សាវរីយ៍មួយផ្សេងទៀត។ 

ហើយពេលនេះ កន្លែងទាំងពីរនេះបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតក្នុងតំបន់នៃប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្តែការអភិវឌ្ឍន៍មិនឈប់ឈរ អស់រយៈពេល ២០ ឆ្នាំ បន្ទាប់ពីរលកយក្សស៊ូណាមិ ឆ្នេរសមុទ្រ Aceh ពេលនេះពោរពេញទៅដោយលំនៅដ្ឋាន ហាងកាហ្វេ និងភោជនីយដ្ឋាន ក៏ដូចជាកន្លែងសម្រាប់ទ្រទ្រង់ទេសចរណ៍ ខណៈដែលភ្នំនៅតំបន់ខ្លះដែលមនុស្សកំពុងត្រូវបានជីកយកខ្សាច់និងថ្ម។

ដោយសារតែធ្លាប់បានឆ្លងកាត់នូវសោកនាដកម្ម នៃគ្រោះមហន្តរាយដែលមិនអាចបំផ្លាញបានដូចនេះហើយ ទើបបានជាសហគមន៍នានាក្នុងខេត្ត Aceh បានប្រារព្ធពិធីរំលឹកដល់រលកយក្សស៊ូណាមិជារៀងរាល់ឆ្នាំ រួមជាមួយនឹងរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។ 

ចំណែកនៅទីក្រុង Banda Aceh សហគមន៍សិល្បៈ នៅដើមខែធ្នូ បានផ្សព្វផ្សាយទាក់ទងជាមមួយនឹងការយល់ដឹងអំពីគ្រោះមហន្តរាយ តាមរយៈការសម្តែងល្ខោន ឬតន្ត្រី ដែលអាចងាយស្រួលសម្រាប់មនុស្សក្នុងការតាមដាន និងកំណត់គោលដៅក្រុមទាំងអស់ រួមទាំងអ្នកដែលកើតក្រោយរលកយក្សស៊ូណាមិផងដែរ។