2025-01-01 15:47
107

(កែប)៖ កាលពីថ្ងៃទី ៣១ ខែធ្នូរ ឆ្នាំ២០២៤នេះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថាការប្រណាំងទូកផ្កាចារសមុទ្រនៅឆ្នេរអង្គរនេះគឺដើម្បីចូលរួមអបអរសាទរ និងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មកលេងលម្ហែកម្សាន្តនៅខេត្តកែប ក្នុងឱកាសបុណ្យឆ្លងឆ្នាំ ២០២៤ ចូល២០២៥  រដ្ឋបាលខេត្តកែបបានរៀបចំការប្រណាំងទូកផ្កាចារសមុទ្រលើកទី១៤ នៅឆ្នេរអង្កោល។
ក្រុមកីឡាករ និងប្រជាពលរដ្ឋខេត្តកែបបញ្ជាក់ថា កម្មវិធីរៀបចំបានល្អ ទាំងបរិស្ថានអនាម័យ សន្តិសុខសណ្តាប់ធ្នាប់ និងមានអ្នកចូលរួមច្រើនទស្សនាយ៉ាងច្រើនកុះករនៅក្នុងការប្រណាំងទូកនេះនឹងជួយផ្សព្វផ្សាយសក្តានុពលឆ្នេរអង្កោលបន្ថែមទៀត។ 
ក្រុមកីឡាករប្រណាំងទូកបានបង្ហាញចំណាប់អារម្មណ៍ សប្បាយរីករាយ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើម រៀបចំការប្រណាំងទូកផ្កាចរសមុទ្រលើកទី១៤ ឆ្នាំ២០២៤ នៅឆ្នេរអង្កោល ដើម្បីអប់អរសាទរពិធីបុណ្យឆ្លងឆ្នាំ២០២៤ ក៏ដូចជាផ្តល់ឱកាសឲ្យពលរដ្ឋបានមកជួបជុំ  និងកម្សាន្តសប្បាយជាមួយគ្នា តាមរយៈការប្រណាំងដណ្តើមយកជ័យលាភី ។ 
ប្រជាពលរដ្ឋខេត្តកែប បានបង្ហាញអំពីទិដ្ឋភាព នៃការរៀបចំការប្រណាំងទូកផ្កាចារសមុទ្រដែរថា  រដ្ឋបាលខេត្តកែប  រួមនឹងរដ្ឋបាលស្រុកដំណាក់ចង្អើរ រៀបចំបានល្អ ពិសេសការសម្រេចជ្រើសរើសយកទីតាំងឆ្នេរអង្កោល ដើម្បីប្រកួត។
ព្រោះវាអាចជួយបំផុស និងផ្សព្វផ្សាយឲ្យទេសចរបានឃើញ និងមកលេងឆ្នេរអង្កោលកាន់តែច្រើន ជួយលើកស្ទួយជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការប្រណាំងទូកផ្កាចារសមុទ្រលើកទី១៤ ឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងសរុបចំនួន ៤០ទូក ក្នុងនោះមានប្រភេទទូកវែងសរុបចំនួន ៣៨ទូក (ទូកនារី៤ទូក) និងទូកខ្លី២ទូក ដែលមានកីឡាករ កីឡាការិនីសរុបចំនួន ២៥៧នាក់ ស្រី២១នាក់។(សឹង រ៉ាត់)