រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ សង្ស័យប្រច័ណ្ឌប្រពន្ធជាមួយបុរសផ្សេង ហើយក្រោយពេលផឹកស៊ីស្រវឹងក៏បានវា.យប្រពន្ធ និងរុញប្រពន្ធចូលទៅខាងមុខរថយន្តដែលកំពុងបើកតាមផ្លូវ ដើម្បីឲ្យរថយន្តបុកឲ្យស្លាប់ ប៉ុន្តែសំណាងល្អប្រពន្ធមិនមានគ្រោះថ្នាក់អ្វីឡើយ ។បន្ទាប់មកក៏បានបោកចានឆ្នាំងចោល និងដុតកង្ហារចោលថែមទៀត ធ្វើឲ្យប្រពន្ធមានការភ័យខ្លាចក៏បានគេចទៅដេកនៅផ្ទះជួលជាមួយមិត្តភក្ដិ ហើយបុរសនោះក៏បានតាមរកប្រពន្ធដែរ ប៉ុន្តែរកមិនឃើញក៏ធ្វើអត្តឃាតចងកសម្លា.ប់ខ្លួនឯងតែម្ដង។សពបុរសនោះត្រូវបានមិត្តភក្ដិប្រទះឃើញនៅក្នុងបន្ទប់រោងស្នាក់នៅ ស្ថិតនៅក្នុងការដ្ឋានសំណង់បុរីរិទ្ធីស័ក្ដ ភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ។បុរសនោះឈ្មោះ ឡុង ខាវ អាយុ៣៨ឆ្នាំ មុខរបរជាងដែក មានប្រពន្ធនិងកូនប្រុស១នាក់ ស្រី១នាក់ មានស្រុកកំណើតនៅភូមិពេជ្ជនា ឃុំតានី ស្រុកទូកមាស ខេត្តកំពត ។ និងស្នាក់នៅក្នុងការដ្ឋានសំណង់បុរីខាងលើ គាត់បានយកខ្សែគោចងក ជាប់ជាមួយដំបូលរោងស្នាក់នៅ ហើយតាមការសន្និដ្ឋានគាត់ចងកស្លាប់នៅចន្លោះម៉ោង៩ ឬ១០ព្រឹកថ្ងៃកើតហេតុនោះ ។
បើតាមបងប្អូនសាច់ញាតិបាននិយាយថា កាលពីវេលាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បុរសនេះ និងប្រពន្ធបាននាំគ្នាទៅចូលរួមផឹកស៊ីក្នុងកម្មវិធីជប់លៀងឆ្លងឆ្នាំសកលនៅក្នុងរោងចក្រមួយកន្លែង ។ ខណៈនោះក៏មានបុរសម្នាក់ បានហៅស្ត្រីជាប្រពន្ធរបស់គាត់ថា មេៗ និងពឹងឲ្យហុចក្រដាស់ជូតមាត់ឲ្យរំលងរូបគាត់ដែលជាប្ដីថែមទៀតផង ។
ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលឃើញបែបនេះគាត់បានប្រច័ណ្ឌប្រពន្ធរបស់ខ្លួនជាមួយបុរសដែលពឹងឲ្យហុចក្រដាស់ជូតមាត់ឲ្យនោះ លុះក្រោយពេលផឹកស្រវឹងក៏បានជិះម៉ូតូដឹកប្រពន្ធទៅកន្លែងស្នាក់នៅវិញ ។
បន្ទាប់មកបានរករឿងវា.យប្រពន្ធ១ដៃ ហើយរុញប្រពន្ធចូលទៅខាងមុខរថយន្តដែលកំពុងបើកនៅតាមផ្លូវក្នុងបំណងឲ្យរថយន្តនោះបុកប្រពន្ធឲ្យស្លាប់ ប៉ុន្តែសំណាងល្អប្រពន្ធមិនមានគ្រោះថ្នាក់ឡើយ ។
ប្រភពខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ក្រោយពេលទៅដល់កន្លែងស្នាក់នៅបុរសនេះក៏បានបន្តឈ្លោះជាមួយប្រពន្ធកាន់តែខ្លាំងឡើងថែមទៀត រហូតឈានដល់ការបោកបំផ្លាញចានឆ្នាំង និងដុតកង្ហារចោលអស់ ។
ខណៈនោះបានធ្វើឲ្យស្ត្រីជាប្រពន្ធមានការភ័យខ្លាចប្ដីវា.យធ្វើបាបក៏បានហៅម៉ូតូកង់បីជិះគេចទៅដេកនៅផ្ទះជួលមិត្តភក្ដិជាបណ្ដោះអាសន្នសិន រង់ចាំឲ្យប្ដីត្រជាក់ចិត្តសិនទើបហ៊ានវិលមកវិញ ។
ចំណែកសាច់ញាតិទាំងនោះបាននិយាយបន្តថា ក្រោយពេលបាត់ប្រពន្ធ បុរសនោះក៏បានតាមរកប្រពន្ធរហូតដល់រោងចក្រ និងកន្លែងផ្សេងៗទៀត ប៉ុន្តែរកមិនឃើញឡើយ ។ លុះដល់ព្រឹកថ្ងៃកើតហេតុ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក៏បានទិញស្រាបៀរ១យួរ ចូលទៅសម្ងំផឹកនៅក្នុងបន្ទប់ ។
សាក្សីដដែលបានប្រាប់បន្តទៀតថា រហូតដល់វេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃដដែល មិត្តភក្ដិបានទៅហៅ ប៉ុន្តែអត់ឮឆ្លើយ ហើយទ្វារបន្ទប់ខ្ទាស់គន្លឹះពីខាងក្នុងទៀត ។ បន្ទាប់មកបានអឺតមើលតាមប្រហោងជញ្ជាំង ស្រាប់តែប្រទះឃើញបុរសនោះធ្វើអត្តឃាតដោយយកខ្សែគោចង.កជាប់ជាមួយដំបូលរោងស្នាក់នៅបណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ច ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានចុះទៅពិនិត្យមើល និងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើកោសល្យវិច័យ ។ ខណៈនោះដែរ ដោយសារតែបើកទ្វារអត់បាននគរបាលបានសម្រេចចិត្តប្រើម៉ូទ័រកាត់ដែក កាត់ត្រចៀកទ្វារបន្ទប់ ដើម្បីចូលទៅពិនិត្យសព ៕