2025-01-02 13:19
52

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ចូលរួមទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ដែលកំពុងចរាចរនៅកម្ពុជា។

សេកច្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបញ្ជាក់ថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជាស្នើ៖

១៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត

២៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា

៣៖ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ៕