ភ្នំពេញ៖ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតលើមេបញ្ជាកររង កងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ត្រីអាវុធហត្ថ ចំនួន ០២ នាក់ទៀត ដែលត្រូវបានចាប់ខ្លួនមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នេះថា៖ «នៅលើបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ០៣ រូប។ ខណៈពេលនេះ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ»។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា៖ «ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័តមានជាសាធារណៈ មិនអាចបានទេ។ កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់»។
សូមជម្រាបថា មេបញ្ជាកររង កងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ត្រីអាវុធហត្ថ ចំនួន ០២ នាក់ទៀត ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងស៊ើបអង្កេតសង្ស័យមានការពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្នុងអំឡុងពេលកាន់តំណែង។ មន្ត្រីកងរាជអាវុធហត្ថទាំង៣រូប ដែលត្រូវឃាត់ខ្លួន រួមមាន ទី១៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ, ២៖ លោកអនុសេនីយ៍ទោ លុយ សារ៉ុម នាយសេនាធិការអាវុធហត្ថស្រុកត្រាំងកក់ និង ទី៣៖ លោកអនុសេនីយ៍ត្រី ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត។
តាមប្រភពបានបង្ហើបថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេស ពិតជាបាននាំខ្លួន មេបញ្ជាការរង និងមន្ត្រីអាវុធហត្ថខេត្តតាកែវ ចំនួន ០៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ អតីតទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស អស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកត្រូវបានផ្លាស់ប្តូរទៅទទួលផែនប្រតិបត្តិការ រហូតមានការចាប់តែម្តង៕