2025-01-02 20:44
11

កំពង់ស្ពឺ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចង្អុលបង្ហាញពីសំណាក់ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ផលប៉ះពាល់គ្រឿងញៀន បញ្ហាក្មេងទំនើង នៅអនុវិទ្យាល័យ ឆាយ ឆុប ស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការចុះផ្សព្វផ្សាយអំពីបញ្ហាក្មេងទំនើង និងផលប៉ះពាល់អំពីគ្រឿងញៀននោះ ដោយមានការអញ្ជើញចូលលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោកវវសេនីយ៍ទោ ណុល ដារ បានរំលេចដល់សិស្សានុសិស្សឱ្យបានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ទាំងក្នុងសង្គមជាតិ សង្គមគ្រួសារ និងអនាគត់ខ្លួនឯងផ្ទាស់ ជាពិសេសការអនុវត្តបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងយុទ្ធនាការចុះបង្ក្រាប បោសសម្អាតក្រុមក្មេងទំនើង ដែលតែងតែបង្កការអុកឡុងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតែម្តង។

លោក ណុល ដារា បានក្រើនរំឭកដល់ក្មួយៗជាយុវជនទាំងអស់ ត្រូវចៀសឱ្យផុតពីការសេពគប់ជាក្រុមកបញ្ហាក្មេងទំនើង ជាពិសេសកុំចង់សាកល្បងជាមួយគ្រឿងញៀនដាច់ខាង ព្រោះគ្មានអ្វីចំណេញដល់ខ្លួនយើង និងសង្គម និងគ្រួសារឡើយ មាននាំទុកលំបាកដល់ឪពុម្តាយប៉ុណ្ណោះ ត្រូវងាកមកយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ ទើបមានអនាគតភ្លឺស្វាង ដើម្បីចូលរួមកិច្ចការងារជួយជាតិ និងសហគមន៍៕