ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ភ្នាក់ងារផលិតរូបភាព និងវីដេអូផ្សព្វផ្សាយល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចំនួន ០៤ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ នាំមកសាកសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ និងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន។
ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ បានបញ្ជាក់អំពីវិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលនៅតែបន្ដផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់គ្រប់ប្រភេទ ដោយមិនគោរពទៅតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ ស្ដីពី ការបញ្ចប់សកម្មភាពផ្សព្វផ្សាយល្បែងស៉ីសងដោយខុសច្បាប់។
ឧត្តមសេនីយ៍ឯក ជា ពៅ បានអះអាងថា៖ «បុគ្គលមួយចំនួនមិនគោរពទៅតាមការណែនាំនេះឡើយ ពោលគឺនៅតែគឃ្លើនក្នុងការបន្ដផ្សព្វផ្សាយដោយមិនខ្លាចច្បាប់ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការចាប់ខ្លួនមនុស្ស ចំនួន ០៤នាក់ ដែលពាក់ព័ន្ធការបន្ដផ្សព្វផ្សាយល្បែងស៉ីសងអនឡាញនេះ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្ថែមថា៖ បន្ទាប់ចាប់ខ្លួន និងក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយផងដែរ ដោយចោទប្រកាន់បទ៖ «ភ្នាក់ងារល្បែងស៉ីសង» ប្រព្រឹត្តនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា ៥ នៃច្បាប់ ស្ដីពី ល្បែងស៉ីសង។
ឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា៖ «អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានក្រើនរំលឹកជាថ្មីដល់ម្ចាស់បណ្ដាញទំនាក់ទំនងសង្គម ឬប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការបន្ដផ្សព្វផ្សាយល្បែងស៉ីសងអនឡាញទាំងអស់នោះ ហើយត្រូវលុបចេញពីគ្រប់ប្រព័ន្ធរបស់ខ្លួន បើមិនដូច្នេះទេអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលេងឡើយ»។
សូមរំឭកថា ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុវត្តតាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕