2025-01-03 12:11
80

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅថា ស.ស.យ.ក. តំណាងឱ្យយុវជនទូទាំងប្រទេស បានប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្រត្សទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា និងការពារដាច់ខាតរាល់សមិទ្ធផលទាំងឡាយដែលបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះក្នុងតម្លៃណាក៏ដោយ។  ខាងលើនេះ ជាការបេជ្ញាចិត្តខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។

លោកបានសរសេរខ្លឹមសារយ៉ាងដូច្នេះថា៖ «ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត»

ប្រធាន ស.ស.យ.ក. បានសរសេរទៀតថា ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងឱ្យយុវជនកម្ពុជាដ៏ធំមួយតែងរៀបចំកម្មវិធីនានា ដែលសម្តែងនូវកត្តញ្ញូកតវេទីរបស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី ២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។ 

សារជាថ្មីម្តងទៀត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ ព្រះបរមររាជានុញ្ញាតប្រោសព្រះរាជទានឱ្យរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំង ដែលបានបង្ហាញនូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ។ 

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។  ទូលព្រះបង្គំយើងខ្ញុំដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា»