2025-01-11 11:32
16

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែទី២ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ បានបញ្ជាក់អំពីស្ថានភាពសុខភាពរបស់ កញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរ អាមេរិចកាំង មានភាពល្អធម្មតា ទាំងស្មារតី និងកាយសម្បទា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អ្នកជាប់ឃុំនៅ (ម២) នេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ ជនជាប់ឃុំជាស្ត្រីទូទៅ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតាមជាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបន្តរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី និងប្រតិភូជាក់ខ្ពស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានជួបសួរសុខទុក្ខកញ្ញា សេង ធារី ដែល ដែលជាការកត់សម្គាល់កញ្ញាមានសុខភាពល្អជាធម្មតា ទាំងស្មារតី និងកាយសម្បទា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ កញ្ញា សេង ធារី ជាមេធាវីមានសញ្ជាតិខ្មែរ-អាមេរិក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្នុងបទល្មើស៖ «ញុះញង់ និងរួមគំនិតក្បត់ជាតិ» ពាក់ព័ន្ធការដឹកនាំ ការគាំទ្រក្នុងផែនការវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង-ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ។ 

លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា «ការចុះមកផ្ទាល់នៅមណ្ឌលកែប្រែទី២ (ម២) ជាមួយថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺក្នុងគោលបំណងសំខាន់មួយទៀត គឺដើម្បីនាំយកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្តង ដែលស្របនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “មិនទុកនរណាម្នាក់ចោលឡើយ” ពោលទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានសេវាសង្គមផ្សេងៗ»។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរំឭកដល់មន្ត្រីនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនៅក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្ត ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ។ 

រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឱ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អដែលជាផ្នែកមួយនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមវាយតម្លៃថា «ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជន ជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យ សម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ និងមានសួនកម្សាន្តសម្រាប់កូនតាមម្តាយ ថែមទៀតផង»៕