ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការម៉ឹងម៉ាត់បំផុត លើបុគ្គលឱកាសនិយម ដែលបានក្លែងបន្លំទទួលបម្រើសេវាសាធារណៈរបស់ក្រសួង ដោយបង្ហោះខ្លឹមសារលើបណ្តាញសង្គមនានា។
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ក្រសួងសាធារណការ បានសេចក្តីជូនដំណឹង ស្តីពីការក្លែងបន្លំជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានបញ្ជាក់ថា៖ «រាល់ការផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជាការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ លើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា គឺជាព័ត៌មានមិនពិត មានចរិតបង្កការភាន់ច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយកដ្ឋាន អគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ»។
ចំពោះករណីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចបន្តទៀតក្នុងការចាត់វិធានការតាមផ្លូវម៉ឺងម៉ាត់បំផុត។
ជាមួយគ្នានេះ ក្រសួងសាធារណការ បានជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមេត្តាជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕