(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ និងមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដែលបានគិតគូពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងមូល ដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយក្រុមការងារ របស់មន្ទីរ សុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋាន របស់ខ្លួន ជា បន្តបន្ទាប់ ដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម។
ជាក់ស្ដែង អាជ្ញាធរខណ្ឌច្បារអំពៅ កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និង ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខពួកគាត់។
ចំណែករដ្ឋបាលខណ្ឌចំការមនវិញ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចាត់ឱ្យក្រុមការ ងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូស នៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់ទន្លេបាសាក់។ ការបាញ់ថ្នាំនេះ ដោយមានការចូលរួមពីកម្លាំងខណ្ឌ ៣នាក់ កម្លាំងសង្កាត់-ភូមិសរុប ១៥នាក់, អ្នក បាញ់ ថ្នាំ២នាក់ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងបាញ់ថ្នាំបាន ចាប់ ផ្តើមបាញ់ នៅតាមបណ្តាភូមិ១ ភូមិ២ ក្នុងសង្កាត់ផ្សារដើមថ្កូវ និងភូមិ៩ ភូមិ១៦ ក្នុងសង្កាត់ផ្សារ ដើមថ្កូវ។ ក្នុងការបាញ់ថ្នាំមូសនេះ បានប្រើប្រាស់ម៉ាស៉ីនបាញ់ថ្នាំ ចំនួន ០២គ្រឿង ប្រេងម៉ាស៊ូតចំនួន ៤០លីត្រ សាំង ១៥លីត្រ ថ្នាំមូសចំនួន ០៣កំប៉ុង។នៅវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃដដែល ក្រុមការងារ បាញ់ ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន បានបញ្ចប់ការបាញ់ថ្នាំនៅក្នុង ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នៅវេលាម៉ោង ៩យប់ថ្ងៃទី១១ ខែមករា ក្រុមការងារបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌ ចំការមនបានបញ្ចប់នៅក្នុង ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់ រដ្ឋបាលខណ្ឌ ចំការមន ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់បងប្អូនអាជីវករ ប្រជាពលរដ្ឋដែលស្ថិតនៅ ក្នុងមូលដ្ឋាន ខណ្ឌចំការមន។
នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យកម្លាំងចុះបាញ់ថ្នាំសម្លាប់មូល តាមបណ្តោយផ្លូវ រថភ្លើង បានចំនួន៣ភូមិ ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមការងារ បានបញ្ចប់ ការបាញ់ថ្នាំសម្លាប់មូស នៅវេលាម៉ោង ១៩៖០០យប់។
នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំ កម្លាំង គណៈបញ្ជាការឯកាភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងរបស់សង្កាត់ចាក់អង្រែលើ បានចុះបាញ់ថ្នាំសម្លាប់មូស ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែកតានូ និងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ បាញ់បាន ភូមិព្រែកតានូ មាន៤៣៧ ខ្នងផ្ទះភូមិព្រែកតានូ១ មាន២៧៥ខ្នងផ្ទះ។
នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌកំបូល បានចាត់តាំងមន្រ្តីការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់-ភូមិ ចុះបាញ់ថ្នាំកំចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅតាមលំនៅឋានប្រជាពលរដ្ឋ និងបន្ទប់ជួលកម្មករ-កម្មការិនី ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ៕