2025-01-12 17:13
20

ភ្នំពេញ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្ត TOYOTA TACOMA ក្នុងស្ថានភាពស្រវឹងមានកម្រិតអាល់កុល 0,46mg/l បុកម៉ូតូ ០១ គ្រឿង ពេញទំហឹងដែលកំពុងធ្វើដំណើរដោយឌុបគ្នា មានប្តី-ប្រពន្ធ និងកូនតូច០២នាក់ទៀត សរុបចំនួន ០៤ នាក់ បណ្តាលឱ្យស្លាប់កូនតូចម្នាក់ នៅកន្លែកើតហេតុ ឪពុក និងកូនតូចម្នាក់ បានស្លាប់បន្តបន្ទាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ត្រូវបាននគរបាលជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។ 

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ នគរបាលបានបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ខែមករា ឆ្នាំ២០២៥ បណ្តាលឲ្យជនរងគ្រោះឪពុក និងកូនតូច សរុបចំនួន ០៣ នាក់ស្លាប់ និងរងបួសធ្ងន់ស្រ្តីម្នាក់ទៀត ជាប្រពន្ធជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះអាយុជីវិត នៅប្រទេសវៀតណាម។

សូមជម្រាបថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣៥នាទី លើកំណាត់ផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យអ្នកជិះម៉ូតូឪពុក ប្រពន្ធ និងកូនតូច ០២ នាក់ សរុបមនុស្ស ០៤ នាក់ ក្នុងនោះបណ្តាលឲ្យស្លាប់ កូនតូចប្រុស០១នាក់ នៅកន្លែកើតហេតុ។ ចំណែកជនរងគ្រោះ ចំនួន ០៣ នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ឪពុក និងកូនតូច ភេទស្រីទាំង ០២ នាក់ បានស្លាប់ រីឯស្ត្រីជាម្តាយកំពុងសង្គ្រោះបន្ទាន់។

តាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា ភាគីរថយន្ត ម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BS-1023 អ្នកបើកបរមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល រងរបួសស្រាល ត្រូវបានឃាត់ខ្លួនប្រគល់ឱ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។ ចំណែកភាគីម៉ូតូ ម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1II-2330 អ្នកបើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ចំនួន ០៣ នាក់ មានប្រពន្ធ និងកូនប្រុស-ស្រី ០២នាក់ទៀត។

តាមសាក្សីនិយាយថា មុនពេលកើតហេតុរថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៍រ៉េចង្កូតមកខាងឆ្វេងបានបុកម៉ូតូពេញមួយទំហឹងបណ្ដាលឲ្យបោកដួលតែម្ដង។ ចំពោះមូលហេតុ សមត្ថកិច្ចសន្និដ្ឋានថា មកពីភាគីរថយន្តបើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។

ក្រោយពេលកើតហេតុ អ្នកបើកបរត្រូវបានឃាត់ខ្លួនសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើករថយន្តបង្កគ្រោះថ្នាក់ជាលទ្ធផលមានកម្រិតអាល់កុល 0,46mg/l។ សម្ភារ:រថយន្ត និងម៉ូតូរងការខូចខាតធ្ងន់ សមត្ថកិច្ចបានប្រមូល និងបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីយកមកសាកសួរអនុវត្តតាមនីតិវិធី។

នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ អ្នកបើកបររថយន្តបង្គ្រោះថ្នាកចរាចរណ៍ខាងលើ ត្រូវបាននគរបាលជំនាញការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ កសាងសំណុំរឿងរួចរាល់ និងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមវិតិវិធី៕