2025-01-13 13:17
9

(កំពត)៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ នេះ លោក តេង វ៉ាន់ធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពតបានប្រាប់ឱ្យដឹងថា ដោយមានការណែនាំពីលោកប្រធានមន្ទីរដោយមានការឆ្លើយតបទៅចក្ខុវិស័យរបស់ក្រសួង ជាមួយគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីមន្ទីរបានដឹកនាំបងប្អូនប្រជាសហគមន៍ចំនួន ១៥ រូប ដែលមកពីសហគមន៍កសិកម្មសាមគ្គីកូនសត្វស្ថិតនៅស្រុកទឹកឈូ និងសហគមន៍កសិកម្មបន្លែសុវត្ថិភាពព្រៃឈើនៀង ស្រុកឈូក មកចូលរួមធ្វើទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ក្នុងខេត្តតាកែវ។

ដើម្បីទទួលបានបទពិសោធន៍លើការងារដឹកនាំ គ្រប់គ្រង និងធ្វើផែនការអាជីវកម្ម បច្ចេកទេស មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានដឹកនាំសមាជិកសហគមន៍កសិកម្ម២ ទៅធ្វើទស្សនកិច្ចសិក្សានៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

អ្នកជំនាញស្នើឱ្យប្រជាពលរដ្ឋចូលរួមបង្កើតសហគមន៍កសិកម្មទំនើប ខណៈពលរដ្ឋថានឹងខិតខំប្រែក្លាយសហគមន៍របស់ខ្លួន ជាសហគមន៍កសិកម្មទំនើបផងដែរ។

នាយកប្រតិបត្តិសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ លោកទូច សុភាព បានឲ្យដឹងថា សហគមន៍ទើបបង្កើតបាន ៦ខែ មានសមាជិកសរុប ៣៣គ្រួសារ ហើយមានផ្ទះសំណាញ់សរុបចំនួន៧០ ដោយបែងចែក ២ផ្ទះសំណាញ់សម្រាប់ផ្សាំកូន ៨ផ្ទះសំណាញ់ដាំប៉េងប៉ោះឆើរី ហើយផ្សេងទៀតដាំបន្លែស្ពៃក្រញាញ់ ស្ពៃតឿ សាឡាត់ចម្រុះ និងដំណាំបន្ទាប់បន្សំផ្សេងៗទៀត។

លោកបានប្រាប់ឱ្យដឹងថាក្នុង ១ខែសហគមន៍បានផលិតបន្លែរង្វង់ ៥០តោន ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុនឯកជនចំនួន៤ ហើយក្នុង ១រោងផ្ទះសំណាញ់ ចំណេញបាន ១០០ដុល្លា ជាធម្យមក្នុងពេលប្រមូលផលម្តង។

ប្រជាសហគមន៍បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង ពិសេសមន្ទីរកសិកម្មដែលតែងតែបានយកចិត្តទុកដាក់ និងបានដឹកនាំពួកគាត់ ឲ្យមកសិក្សាស្វែងយល់ពីសហគមន៍កសិកម្មទំនើបនាពេលនេះ។ 

គួររំលឹកថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានដាក់ចេញនូវចក្ខុវិស័យធ្វើយ៉ាងណាធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយធ្វើឲ្យវិស័យកសិកម្ម នៅតែរួមចំណែកសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។ (សឹង រ៉ាត់)