2025-01-13 18:26
10

ភ្នំពេញ៖ មានការភ្ញាក់ទាំងកណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ ចំណុចអគារកាស៊ីណី NAGA WORLD2 ដោយមានជនបរទេសម្នាក់ បានធ្លាក់ពីលើអគារដល់ក្រោមបណ្តាលឱ្យស្លាប់ភ្លាមៗដោយមិនដឹងមូលហេតុ ហើយសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ និងផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ បាននឹងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតនៃការធ្លាក់នេះ។

ករណីភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅវេលាម៉ោង ០០និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ  នៅចំណុច កាស៊ីណូ ណាហ្គាវើល២ (NAGA WORLD2) ស្ថិតផ្លូវិរដ្ឋសភា ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងករណីធ្លាក់ពីលើអគារកាស៊ីណូ ណាហ្គា២ មានឈ្មោះ SUN JIGANG ភេទប្រុស អាយុ ៤៦ឆ្នាំ ជាជនជាតិចិន កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៩ កាន់លិខិតឆ្លងដែនលេខ EH6693522។ ក្រោយពេលកើតកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យជុំវិញទីនោះ និងប្រមូលវត្ថុតាង ព្រមទាំងស្រាវជ្រាវរកមូលហេតុ នៃការធ្លាក់ជនបរទេសរូបនេះផងដែរ។

សពជនរងគ្រោះ ត្រូវបាននគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ គ្រូពេទ្យជំនាញ ក្រោយការពិនិត្យហេតុ និងធ្វើកោលសវិច័យរួចរាល់ ត្រូវបានដឹកយកនៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕