ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ជាច្រើនរូប។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រោយពីក្រសួង បានធ្វើការវិភាគមុខងារស្នូល និងមុខងាររង ដើម្បីបំពេញ និងសម្រេចបេសកកម្មដែលមានចែងក្នុងអនុក្រឹត្យ ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន» ឆ្នាំ២០២១ ក្រសួងបានកំណត់ មុខងារ និងភារកិច្ចរបស់ក្រសួងចំនួន១៧។ ក្រោយពីក្រុមការងារធ្វើកំណែទម្រង់បន្ថែម ក្រសួងបានធ្វើការពិនិត្យនិងវិភាគឡើងវិញ ដោយបានផ្តុំមុខងារបញ្ចូលគ្នាឱ្យទៅជាមុខងារស្នូលមាន ចំនួន ៣ និងមុខងាររងមាន ចំនួន១៣។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបបន្ថែមថា «មុខងារទាំងអស់នេះឆ្លើយតបទៅនឹងបេសកកម្ម ក្រមបរិស្ថាន និងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងបរិបទជាក់ស្តែងចំពោះមុខ និងទៅអនាគតផងដែរ»។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីទិសដៅបន្ត ចំនួន ៣ លើការងារវិភាគមុខងាររបស់ក្រសួងបរិស្ថាន រួមមាន៖ ១- រៀបចំផែនការជំហានបន្ទាប់របស់ក្រសួងបរិស្ថាន ផ្អែកលើផែនការយុទ្ធសាស្រ្ត ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៥-២០២៨។ ២- បន្តសម្របសម្រួលពិនិត្យឡើងវិញ លើការវិភាគមុខងារស្នូល និងមុខងាររងរបស់ក្រសួង មុខងារគាំទ្រ រួចរាយការណ៍ជូនទៅក្រុមការងារគាំទ្របច្ចេកទេសវិស័យសង្គមកិច្ច នៃក្រសួងមុខងារសាធារណៈ និង ៣- បន្តចូលរួមកិច្ចការប្រជុំ និងសកម្មភាពផ្សេងៗជាមួយក្រសួងមុខងារសាធារណៈ និងក្រុមការងារកំណែទម្រង់។
ឯកឧត្តមបណ្ឌិត សង្ឃឹមថាលទ្ធផលដែលទទួលបានពីសិក្ខាសាលានាពេលនេះ នឹងបានជាធាតុចូលដ៏ល្អៗ សំខាន់ៗ ដល់ក្រសួងបរិស្ថាន កំណត់បានទិសដៅ អាទិភាពអនុវត្តបន្ត សម្រាប់បន្តការងារពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងបរិស្ថាន ឈានឆ្ពោះទៅសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ចូលរួមសម្រេចផែនការកំណែទម្រង់រដ្ឋបាលសាធារណៈ។
សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូប គឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។
ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕