2025-03-23 14:02
46

តាកែវ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកជាផ្លូវការបុណ្យទន្លេ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នាខេត្តតាកែវ បានថ្លែងថា៖ «រដ្ឋាភិបាល គ្រោងស្នើទៅកាន់ព្រះមហាក្សត្រ ដើម្បីផ្ដល់មុខតំណែងជា “អនុរដ្ឋលេខាធិការ” ក្រសួងធម្មការ និងសាសនា ដល់បណ្ឌិត ជួន កក្កដា ដើម្បីបន្តជួយដល់វិស័យព្រះពុទ្ធសាសនាបន្តទៀត»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាង «រាជរដ្ឋាភិបាលកម្ពុជា ឬក្រុមគ្រួសារត្រកូនហ៊ុន មិនបានបង្ខំឱ្យអតីតព្រះតេជគុណ ជួន កក្កដា លាចាកសិក្ខាបទឡើយ ហើយភរិយារបស់សម្ដេច បានសម្ដែងការសោកស្ដាយ និងក៏មិនចង់ឱ្យលាចាកសិក្ខាបទដែរ»។ 

ការឆ្លើយតបរបស់ ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួនចោទប្រកាន់ថារដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារត្រកូលហ៊ុន ចាប់បង្ខំឱ្យបណ្ឌិត ជួន កក្កដា លាចាកសិក្ខាបទ។

សូមជ្រាបថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ ជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅ គង់នៅវត្តប្រាសាទនាងខ្មៅ ស្រុកបាទី ខេត្តតាកែវ បានសម្រចលាចាកសិក្ខាបទ ក្រោមហេតុផល «អស់និស្ស័យជាព្រះសង្ឃ»។ 

ពាក់ព័ន្ធការចោទប្រកាន់ពីសំណាក់មហាជនមួយចំនួន ចំពោះការលាសិក្ខាបទរបស់អតីតព្រះភិក្ខុ ជួន កក្តដា ដោយមានការបង្ខិតបង្ខំពីខាងនេះ ពីខាងនោះ បណ្ឌិត ជួន កក្តដា បានថ្លែងបកស្រាយថា៖ «ការលាសិក្ខាបទរបស់លោកមិនមានអ្នកណាបង្ខិតបង្ខំពីអ្នកណានោះទេ ហើយក៏មិនបានជូនដំណឹងមុនទៅកាន់ពុទ្ធបរស័ទញាតិញោមព្រះធម៌នោះទេ ព្រោះខ្លាចមានមនុស្សចូលរួមច្រើន»។ 

អតីតព្រះភិក្ខុ ជួន កក្តដា បានបញ្ជាក់ថា៖ «លោកបានកំណត់តាំងដើមមកថា លោកសាងព្រះភ្នួសជាសង្ឃ និងជួយលើកស្ទួយវិស័យព្រះពុទ្ធសាសនាត្រឹមអាយុ ៤០ឆ្នាំ ប៉ុណ្ណោះ គឺអស់បុណ្យជាព្រះសង្ឍ»៕