2025-03-24 08:24
40

សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្ត មានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២៣ ០០០នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ២ ១៣០នាក់ និងភ្ញៀវខ្មែរ ចំនួន ២០ ៨៧០នាក់ ដើម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ឬហៅថា «សមរាត្រី»។
ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ៩ ២៣៣ នាក់ និងភ្ញៀវខ្មែរ ចំនួន ៧១ ២២០នាក់។
សូមបញ្ជាក់ផងដែរថា សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កើតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។
ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) កើតឡើង ចំនួន ២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង ០៥និង០០ព្រឹក ដល់ម៉ោង ០៦និង៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា៕