2025-03-25 07:22
33

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី ៩ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ។
គួរជម្រាបជូនថា ឆ្នាំនេះ ជាឆ្នាំទី៩ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ហើយឆ្នាំនេះក៏ជាឆ្នាំទី២ដែរ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីនេះ។
ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បន្តពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រយៈពេលជាង១៩ខែមកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនជូនជាតិមាតុភូមិ ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិមានកំណើនជាលំដាប់ ដែលអាចនាំកម្ពុជាឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធសេរីភាពគោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកឥស្លាមតែងតែមានមោទនភាពថា “យើងខ្ញុំមានសំណាងណាស់ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន”៕