
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសាសនិកឥស្លាមបន្តជឿជាក់និងបន្តគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពនូវជំនឿខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃទៀតដើម្បីភាពសុខដុមនីកម្មជាតិនិងសាសនា។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី ៩ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើបន្ថែម «សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ អន្តរជាតិដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាមដើម្បីចៀសវាងយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អបែកបាក់សាមគ្គីនិងភាពជ្រុលនិយមក្នុងសហគមន៍»។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានសម្តែងនូវគារវកិច្ចដ៏ឧត្តុងឧត្តម និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមានដ៏មានតម្លៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ផ្តល់មហាកិត្តិយស និងផ្តល់កម្លាំងចិត្តសារជាថ្មី ក្នុងពិធីពិសាអាហារស្រាយបួសលើកទី៩ ឆ្នាំ២០២៥ ជាមួយបងប្អូនសាសនិកឥស្លាមកម្ពុជា។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បន្តពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រយៈពេលជាង១៩ខែមកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនជូនជាតិមាតុភូមិ ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិមានកំណើនជាលំដាប់ ដែលអាចនាំកម្ពុជាឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធសេរីភាពគោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកឥស្លាមតែងតែមានមោទនភាពថា “យើងខ្ញុំមានសំណាងណាស់ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន”៕


