2025-03-25 07:28
51

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់នូវសេរីភាពខាងជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់សាសនា ប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើជាអាជីវកម្មដែលអាចបង្កជាវិបត្តិសាសនានៅកម្ពុជា ហើយថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ ដែលនេះត្រឹមតែជាមោទនភាពសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ តែជាមោទនភាពសម្រាប់បណ្តាប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ ដោយមានប្រទេសជាច្រើនបានកោតសរសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៩ ឆ្នាំ២០២៥ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានកិច្ចសហការគ្នាល្អជាមួយគ្រ់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនពលរដ្ឋគ្រប់សាសនិកនៅព្រះរាជាណាចក្រកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគត។ សម្តេចបានបន្តថា សម្តេចពិតជាមានមោទនភាពដែលកន្លងទៅឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលបន្ទុកបេសកកម្មពិសេសបានចូលរួមក្នុងសន្និសីទសាសនា ឥស្លាមនៅតំពន់ជាច្រើន ដោយបានផ្សព្វផ្សាយពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះនៅរាជធានីភ្នំពេញសម្តេចបានអញ្ជើញចូលរួមក្នុងពិធីអន្តរជាតិ ធំៗចំនួនពីរ ទី១) គឺកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» ដែលរៀបចំ ឡើងដោយអង្គការសម្ព័ន្ធពិភពឥស្លាមរ៉ាប៊ីតា ដែលជាលើកទី១នៅលើទឹកដីកម្ពុជា ហើយក៏ជាលើកទី១ នៅលើសកលលោក។ ការណ៍នេះគឺជាមោទនភាពរបស់កម្ពុជាដែលមានថ្នាក់ដឹកនាំសាសនាឥស្លាម និងថ្នាក់ដឹកនាំព្រះពុទ្ធសាសនាមកពីបណ្តាប្រទេសចំនួន៣៦ប្រទេស មានអ្នកចូលរួមជាង១១០០អង្គ/នាក់បានផ្តល់ឱ្យគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងគន្លងដ៏ល្អប្រពៃនៃការកាន់សាសនា ដែលបានបង្ហាញនូវគារពរាក់ទាក់ និងសាមគ្គីភាពជាមួយគ្នា ដោយគ្មានការបៀតបៀនគ្នា ឬភាពមិនប្រក្រតីណាមួយឡើយ។ ទី២) ការរៀបចំសន្និបាតលើកទី២០របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ី អាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលមានតំណាងមកពីបណ្តាប្រទេសចំនួន២៥បានបង្ហាញពីសាមគ្គីភាព និងសុខ ដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាង និងថែរក្សាយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំង នេះគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយបណ្តាប្រទេសដែលបានចូលរួមបានស្វែងយល់ពីបទពិសោធន៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំមកនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាប្រកបដោយជោគជ័យដល់គ្រប់សាសនិកនៅកម្ពុជាដោយគ្មានការរើសអើង ដោយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រេះស្រាំ ការរើសអើងជាតិសាសន៍នឹងអាចបង្កើតជាជម្លោះជាតិសាសន៍ ហើយក៏អាចបាត់បង់មួយផ្នែកនូវសុខសន្តិភាព និងស្ថិរភាពសង្គមផងដែរ៕