កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំកំពូលនគរបាលកម្ពុជា-កូរ៉េ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិកូរ៉េ។ កិច្ចប្រជុំនោះបានពិភាក្សាអំពីវិធីសាស្ត្រ យុទ្ធសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ភាគីទាំងពីរ បានឯកភាពពង្រីកការងារ “ក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ” មិនត្រឹមតែផ្តោតលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ប៉ុន្តែរួមបញ្ចូលបន្ថែមទៀត ដូចជាបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។
ក្នុងរយៈពេលត្រឹម ៤ ខែ (ធ្នូ ២០២៥ - មីនា ២០២៦) ក្រុមការងាររួមនេះ បានចាប់ខ្លួនជនសង្ស័យ ចំនួន ១៦៦នាក់ និងជួយសង្គ្រោះពលរដ្ឋកូរ៉េ ៥នាក់ ដែលបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការ។ បន្ថែមពីនេះ កូរ៉េនឹងបន្តគាំទ្រកម្ពុជា តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយផ្តល់បច្ចេកវិទ្យា និងបណ្តុះបណ្តាលជំនាញស៊ើបអង្កេត ដូចជា៖ ការស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ។
គម្រោងនេះមានតម្លៃប្រមាណ ១៨ពាន់លានវ៉ុន និងត្រូវបានអនុវត្តជាមួយសហការណ៍ KOICA ដើម្បីពង្រឹងសមត្ថភាពនគរបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងបទល្មើសឆ្លងដែនកាន់តែស្មុគស្មាញ។
ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធនេះ នឹងជួយពង្រឹងសុវត្ថិភាពសាធារណៈ ការពារពលរដ្ឋ និងបង្កើនស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍៕








_1777448756.jpg)



