2024-01-22 12:58
217

តាកែវ៖ ក្រុមរថយន្តស៊ីឈ្នួលដឹកទំនិញនាំចូលពីប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិ «ភ្នំដិន» ស្រុកគិរីវង់ បានរអ៊ូរទាំងថា សព្វថ្ងៃក្រុមសមត្ថកិច្ចគយប្រចាំខេត្តតាកែវ បន្តាក់គ្នាដូចខ្យងគាបសង្កត់ជំរិតទាលយកក្បាលរថយន្តក្នុងមួយជើងចាប់ពី ៥ទៅ១០ម៉ឺនរៀល ប្រសិនបើហ៊ានរំលងមិនបង់តាមកំណត់ទេនោះ បើចាប់បានត្រូវគាបយកលុយ ១០លានរៀល ក្នុងរថយន្តសាំងយ៉ុងមួយគ្រឿង ដោយគ្មានចេញវិក័យបត្រឡើយ។

ក្រុមអាជីវករស៊ីឈ្នួលដឹកទំនិញចេញពីព្រំដែនវៀតណាម-កម្ពុជា «ភ្នំដិន» បានរៀបរាបប្រាប់ថា រាល់មុខទំនិញដែលនាំចូលមកពីប្រទេសវៀតណាគ្រប់ប្រភេទ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងបង់ពន្ធឲ្យស្នាក់ការការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វាព្រំដែនអន្តរជាតិ «ភ្នំដិន» ដោយដាក់ចូលឃ្លាំង ឬសាងដាក់រថយន្តសាំងយ៉ុងដើម្បីបន្តចែកចាយតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលរាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានបង្ហើបទៀតថាៈ បន្ទាប់ពីលើកដាក់ទំនិញក្នុងរថយន្តដឹកចេញពីច្រកទ្វា «ភ្នំដិន» ចំងាយប្រមាណ ៧គីឡូ ត្រូវបង់លុយឲ្យក្រុមមន្ត្រីគយក្បាលឡាន ០១គ្រឿង ២ទៅ៥ម៉ឺនរៀល រហូតដល់សាខាគយ និងរដ្ឋាករខេត្តតាកែវ មានលោក ស៊ុន ឆាយ ជាប្រធានគយត្រូវបង់ថ្លៃបាយទឹកពី ៥ទៅ១០ម៉ឺន តាមការដឹកតិច ឬច្រើន។ ប្រភពន្តទៀតថា នៅជិតរង្វង់មូលផ្លូវបំបែកអូចំបក់ ត្រូវបង់ឲ្យក្រុមមន្ត្រីគយចល័តក្រុងដូនកែវ ត្រូវបង់លុយមួយតង់ទៀត។

ក្រុមអ្នករកស៊ីដឹកទំនិញបានត្អូញត្អែថា ការស៊ីឈ្នួលដឹកទំនិញឲ្យគេសព្វថ្ងៃនេះម្នាក់បានចំណេញតិចតួចបំផុត គឺការរកស៊ីដូចយកលុយទៅចិញ្ចឹមអស់លោកសមត្ថកិច្ចគយតាមដងផ្លូវអញ្ចឹង ជាពិសេស លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ គាបសង្កត់ក្រុមអ្នករកស៊ីតូចតាចដូចអាករខ្យង។

តាមប្រភព័ត៌មាន បានបង្ហើបទៀតថា លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ទំនងជាបើកដៃឬភ្លើងខៀវឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលពីប្រទេសវៀតណាមកកម្ពុជាយ៉ាងគគ្រឹកគគ្រេង នៅតាមច្រកទ្វារព្រំដែនអន្តរជាតិជាច្រើនកន្លែង ក្នុងនោះមានដូចជា ច្រកភ្នំដិន, ច្រកបាក់ដៃ,និងច្រកត្រពាំងក្រសាំង ព្រមទាំងច្រករបៀងផ្សេងៗជាដើម។

ក្រុមអាជីវករធ្លាប់បានលើកឡើងថា ក្រុមមន្ត្រីគយមិនត្រឹមតែបណ្ដាក់គ្នាអង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ បច្ចុប្បន្ន លោក ស៊ុន ឆាយ បានដំឡើងថ្លៃពន្ធខ្ពស់កប់ពពកទៀតផង ពីមុនពួកគាត់ធ្លាប់បង់ពន្ធគយព្រំដែនពី ចំនួន ១ ៥០០ ០០០ទៅ ៣ ០០០ ០០០រៀល ពេលនេះតម្រូវឲ្យបង់រហូត ចំនួន ៦ ២០០ ០០០រៀល ជាកំហិតក្នុង ១ជើង ដែលជាចំនួនច្រើនទ្វេដងបើប្រៀបធៀបទៅនឹងតម្លៃពីមុនដែលជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗប្រឈមនឹងក្ស័យធនគ្មានប្រាក់បង់ធនាគារ។

លើសជាងនេះទៅទៀត មន្ត្រីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ បានកំណត់ឱសានវាទ ក្នុងលិខិតបង់ពន្ធនាំចូលត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលបោះត្រាចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈម នឹងចាប់ផាកពិន័យ ១គុណជា៤។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ ក្រុមការងារ msj tv មិនអាចទាក់ទងសុំការបំភ្លឺពីលោក ស៊ុន ឆាយ ប្រធានសាខាគយ  និងរដ្ឋាករបានឡើយ។
សូមរំឭកថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ក្រុមអាជីវករ និងក្រុមរថយន្តដឹកទំនិញរាប់រយនាក់ បានប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ា នៅមុខស្នាក់ការគយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយពេលនោះ អាជីវករតវ៉ា ទាមទារ ៣ចំណុច រួមមាន៖ 
ទី១- ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ឱ្យយកត្រឹមតម្លៃទាបដូចពីមុន។ 

ទី២- សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។ 
ទី៣- សូមឱ្យស្ថាប័នគយយោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ី និងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញអីវ៉ាន់ចាប់ហួយឱ្យគេ។ 
ក្រោយមានការតវ៉ាពីសំណាក់អាជីវករដឹកទំនិញនៅខាងមុខស្នាក់ការសាខាគយ និងរដ្ឋាករខេត្តតាកែវ អំពីការចាប់ឃាត់ទំនិញដែលបានគេចវេះកាតព្វកិច្ចពន្ធ និងអាករ និងបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានសម្ភាស និងដកស្រង់យកនូវការលើកឡើងរបស់អាជីវករដឹកទំនិញ អគ្គនាយដ្ឋានគយ និងរដ្ឋាករ បានបំភ្លឺថា «ក្រុមអាជីវករបាននិយាយបំផ្លើស និងបំភ្លៃការពិត ក្នុងពេលដែលសាមីខ្លួនទាំងនោះកំពុងដឹកទំនិញគេចពន្ធបំពានច្បាប់ និងបទប្បញ្ញត្តិគតិយុត្តិពាក់ព័ន្ធនានា ជាធរមាន» ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) បានបញ្ជាក់ថាៈ ទំនិញដែលត្រូវបានចុះពិនិត្យអនុលោមភាព (តាមរយៈការអនុវត្តយន្តការកណ្តាលទី) រួចបានចាប់ឃាត់ និងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺជាទំ និញលួចនាំចូលតាមច្រករបៀងនានា តាមព្រំដែនជាប់ប្រទេសវៀតណាម យកមកប្រមូលផ្តុំដាក់ចូលក្នុងរថយន្តដឹកអ្នកដំណើរ (រថយន្តសាំយ៉ុង) និងរថយន្តដឹកទំនិញផ្សេងទៀត ដែលពុំមានបង្កាន់ដៃពន្ធ និងអាករនាំចូល និងឯកសារពាក់ព័ន្ធឡើយ។ បន្ថែមលើនេះទំនិញទាំងនោះមានមួយចំនួនជាទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពីក្រសួង-ស្ថាប័នពាក់ព័ន្ធ មុននឹងអាចធ្វើការនាំចូល (តាមអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០) និងទំនិញមួយចំនួនទៀតត្រូវបានដុតបំផ្លាញចោល (សាច់និងគ្រឿងសមុទ្របង្កកខូចគុណភាព)។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា ដោយឡែក ការគណនាប្រាក់ពន្ធ និងអាករនាំចូល ត្រូវអនុវត្តតាមតម្លៃទិញ-លក់ពិត និងអាត្រាពន្ធតាមយថាប្រភេទទំនិញ ដែលមានចែងក្នុងតារាងពន្ធគយកម្ពុជាជាធរមាន ហើយពុំមានមន្ត្រីគយ និងរដ្ឋាករណាម្នាក់មានសិទ្ធិសម្រេចលើការដំឡើង ឬការបន្ធូរបន្ថយប្រាក់ពន្ធ និងអាករ ដូចការលើកឡើង និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ របស់អាជីវករនិងបណ្តាសារព័ត៌មានទាំងនោះឡើយ។

ចំពោះការលើកឡើងរបស់បងប្អូនអ្នករកស៊ីដឹកទំនិញ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចាត់ទុកជាការបំភ្លៃការពិត ក៏ដូចជាការប្រមូលផ្តុំធ្វើការតវ៉ានានារបស់អាជីវករដឹកទំនិញរត់គេចពន្ធ គឺជាចេតនាបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ បង្កចលាចល និងរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្រ្តីរាជការគយ ដែលកំពុងអនុវត្តវិធានការមុតស្រួច ក្នុងយុទ្ធនាការបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី (ស្របតាមឧត្តមានុវត្តជាអន្តរជាតិ) ដើម្បីពង្រឹងការប្រមូលចំណូលជូនរដ្ឋ។

ទន្ទឹមនឹងនោះដែរ អ.គ.រ បានអំពាវនាវដល់អាជីវករនាំចូលទំនិញ ត្រូវបំពេញកាតព្វកិច្ចពន្ធ និងអាករស្របតាមច្បាប់ស្តីពីគយ និងសូមបញ្ឈប់សកម្មភាពរត់គេចពន្ធគ្រប់រូបភាពជាបន្ទាន់។ ក្នុងករណីនៅតែប្រព្រឹត្តអំពើរត់គេចពន្ធ នឹងត្រូវជាប់ទោសទណ្ឌ ដោយអនុលោមតាមច្បាប់ស្តីពីគយ បុគ្គលប្រព្រឹត្តអំពើរត់គេចពន្ធអាចប្រឈមនឹងការចាប់បង្ខំឱ្យបង់ពន្ធអាករ និងពិន័យ ឬរងទោសទណ្ឌតាមផ្លូវតុលាការ ឬទោសណាមួយនៃទោសទាំង២  ស្របតាមមាត្រា៧៤ និងមាត្រា៧៥ ជាធរមាន។ 

លើសពីនេះ បើទំនិញល្មើសជាប្រភេទទំនិញជាប់អាយ័ត ឬជាប់កម្រិតកំណត់ បុគ្គលប្រព្រឹត្តល្មើស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ឬទោសណាមួយនៃទោសទាំង២ ថែមទៀតផង៕