2024-01-30 11:46
306

កំពង់ស្ពឺ៖ អភិបាលខេត្តរំពឹងថា ខ្សែច្រវ៉ាក់ផលិតកម្មជីធម្មជាតិ នៅរោងចក្រ Nhà Máy Phân Bón Trường Xuân ក្នុងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងទៅដំឡើងរោងចក្រនៅកម្ពុជា ក្រោយចូលឆ្នាំប្រពៃណីវៀតណាមរួច ។
   ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍ដូច្នេះ នៅពេលដែលឯកឧត្តម បាទអញ្ជើញជាអធិបតីភាព ក្នុងពិធីដឹកនាំប្រតិភូ សម្តែងការងារគួរសម និងជូនពរប្រតិភូខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រីកសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
   មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ តំណាងប្រតិភូតាមមន្ទីរអង្គភាពជុំវិញខេត្ត បានថ្លែងអំណរគុណដោយសេចក្ដីរីករាយក្រៃលែងចំពោះ ឯកឧត្តម លឺ ក្វាង ងឺយ (Lu Quang Ngoi) ប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង តំណាងមន្ត្រីរាជការ និងប្រជាជន ក្នុងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយម វៀតណាម ជាថ្នាក់ដឹកនាំគ្រប់រូប ដែលបានទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូយើងខ្ញុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤នេះ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

   ចំពោះកិច្ចទំនាក់ទំនងរវាងខេត្តកំពង់ស្ពឺ ដែលបានការរឹតចំណងមិត្តភាព សាមគ្គី ភាព និងកិច្ចសហប្រតិបត្តិការ អនុវត្តការងារតាមភារកិច្ច ដែលបានសម្រេចសមិទ្ធផលជាច្រើនកន្លងមក ក្នុងការបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធទៅវិញទៅមក ដើម្បីដោះស្រាយ និងសម្របសម្រួលរាល់កិច្ចការ នៃកិច្ចសហប្រតិបត្តិការ ។ សូមទំនាក់ទំនង និងសហប្រតិបត្តិការ ខេត្តកំពង់ស្ពឺ និងខេត្តវីញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតស្ថេរជានិច្ចនិរន្តរ៍ លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
   ក្នុងកិច្ចជំនួប ពិភាក្សា និងឯកភាពលើគោលបំណងទស្សនកិច្ច ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ជាពិសេស គឺសេដ្ឋកិច្ចប្រជាជន និងប្រជាជន ឲ្យមានជីវភាពធូរធារកើនឡើង និងមានទំនាក់ទំនងល្អ និងការអភិវឌ្ឍន៍រួមគ្នាតែមួយ៕