ព្រះវិហារ៖ ក្រុមឧក្រិដ្ឋជន ចំនួន ០២នាក់ ក្នុងសំណុំរឿងគ្រឿងញៀន ជាង ១តោន ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត ចោទប្រកាន់ពីបទៈ «ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទាក់ទងទៅនឹងករណី ដឹកជញ្ជូន សមគំនិតដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទដូចខាងក្រោម:
ទី១- ឈ្មោះ វ៉ាន់ មឿង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ-វៀតណាម សញ្ញាតិខ្មែរ (ឃុំខ្លួន) ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទៈ «ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្ត នៅភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ និង មាត្រា ៤៥ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន។
ទី២- ឈ្មោះ ម៉ឺន សាក់រាំវី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ-ស៊ីស្លាម សញ្ញាតិខ្មែរ (ឃុំខ្លួន) ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទៈ « សមគំនិត ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តទៅ ភូមិនៅភូមិស្អាង ឃុំស្អាង ស្រុក ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមា មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន។
ក្រោយពីបានស្តាប់ចម្លើយរបស់ជនត្រូវចោទឈ្មោះ វ៉ាន់ មឿន និង ឈ្មោះ ម៉ឺន សាក់រាំវី ពិនិត្យលើភស្តុតាងគ្រឿងញៀន ចំនួន ១០២១.២ ( ២ (មួយពាន់ពាន់ម្ភៃមួយក្បៀសពីរ) គីឡូក្រាម រួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារបាន សម្រេចឃុំខ្លួនលើជនត្រូវចោទ និងបន្តបើកការស៊ើបសួរលើជនត្រូវចោទខាងលើនេះ និងស្រាវជ្រាវបន្ថែមលើជនដែលពាក់ព័ន្ធដទៃទៀត ដើម្បីឈានដល់ការស្វែងរកចាប់ខ្លួនជនត្រូវចោទ ៕