2024-01-31 11:53
190

(ខេត្តក្រចេះ) សកម្មភាពដឹកជញ្ជូនអុសព្រៃខុសច្បាប់បានកើតមានឡើងយ៉ាងគគ្រឹក គគ្រេង ខណៈក្រុមឈ្មួញកំពុងនាំគ្នាសំរុកដឹកចេញទាំងយប់ទាំងថ្ងៃចេញពី ចំណុច ព្រៃដែនអភិរក្ស ភ្នំគុស ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី នឹងក្នុងដែនអភិរក្សភ្នំព្រិច ដឹកជញ្ជូន ឆ្លងកាត់តាមស្រុកស្នួល ខេត្រក្រចេះ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន ដេ ១ ហៅអូរតាលាវ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំ ស្រែចារ ស្រុកស្នួលខេត្តក្រចេះ ប៉ុន្តែជុំវិញសកម្មភាពទាំងនេះត្រូវបានមន្រ្តីជំនាញពាក់ព័ន្ធដែលប្រចាំការនៅច្រកខាងលើនេះបានប្រាប់ថា ខ្លួនមិនបានដឹងទៅវិញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ជាបន្តបន្ទាប់មកថា សកម្មភាពដឹកអុសព្រៃនេះគឺបានកើតមានប្រហែល២ ខែមកហើយ ដោយក្រុមឈ្មួញទាំងនោះបានរង់ចាំ ឱកាសស្ងាត់ល្អទើបពួកគេសំរុកដឹកចេញតែម្តង ដោយបានប្រើប្រាស់ រថយន្តសាំយ៉ុងជាច្រើនគ្រឿង ក្នុងនោះដែរក្រុមឈ្មួញបានយកអុសស្វាយចន្ទីរៀបដាក់ពីខាងក្រោយរថយន្ត ដើម្បីបំភាន់ភ្នែកមហាជន ដែលក្នុងមួួយថ្ងៃមិនក្រោម ២០ ទៅ៣០ គ្រឿង  នោះទេចំណែកសមត្ថកិច្ចការពារព្រំដែន រួមនិងមន្រ្តីជំនាញពាក់ព័ន្ធហាក់មិនមានវិធានការទប់ស្កាត់ទាល់តែសោះ ។

 ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២៨និងព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះគេឃើញរថយន្តសាំងយ៉ុងដឹកជញ្ជូនអុសព្រៃបើកចូលតាមផ្លូវលំ នៅចំណុចថ្មហាល នឹងដឹកចូលតាមផ្លូវលំមួយខ្សែទៀតនៅចំណុច ភូមិមានជ័យ ក្នុងភូមិសាស្ត្រ ឃុំស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ ឆ្ពោះទៅតាមច្រកការពារព្រំដែនដេរ១ហៅអូរតាលាវ រួចបន្តដឹកឆ្លងចូលទៅប្រទេសវៀតណាម ដោយមានបុរសម្នាក់ឈ្មោះ ឌៀង ជាជនជាតិវៀតណាមជាអ្នករង់ចាំ ទទួលទិញនៅទីនោះរួចជាស្រេច ។ 

ជុំវិញសកម្មភាពដឹកជញ្ជូនអូសព្រៃចេញទៅលក់នៅប្រទេសវៀតណាមដោយខុសច្បាប់យ៉ាងគគ្រឹកគគ្រេងខាងលើនេះត្រូវបានប្រភពបង្ហើបថាមានលោក នាង ចំរើន ជាទាហាន ការពារព្រំដែន ច្រកដេ១ ជាអ្នកទទួលរ៉ាប់រងរត់ការចូលព្រំដែនដោយបង្គាប់ឲ្យក្រុមឈ្មួញទាំងនោះបង់លុយឲ្យលោក ក្នុងមួយរថយន្តចំនួន ២០ ម៉ឺនរៀលដើម្បីចាត់ចែងឱ្យសមត្ថកិច្ចដែលឈរជើងនៅទីនោះ ជាហេតុធ្វើឲ្យក្រុមឈ្មួញបានត្អូញតែថារថយន្តសាំ យ៉ុងដឹកអុសព្រៃបានតែ៤តោនក្នុងមួយតោនតម្លៃ ១០៥០០០រៀលហើយត្រូវចំណាយចាក់ប្រេងអស់ជាង ១០ ម៉ឺនរៀល បង់ឲ្យលោក នាង ចំរើន ក្នុង១ រថយន្នចំនួន ២០ ម៉ឺនរៀល ដូច្នេះគាត់ទទួលបានប្រាក់ចំណេញមិនដល់ ១០ ម៉ឺនរៀលផង។
ពាក់ព័ន្ធទៅនិងព័ត៌មានខាងលើនេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅ លោក នាង ចំរើន តាមទូរស័ព្ទដើម្បីបំភ្លឺ ប៉ុន្តែលោកបានឆ្លើយយ៉ាងខ្លីថា លោកមិនដឹង ជាអ្នកណាទេហើយក៏បិទទូរស័ព្ទតែម្ដង ។