2024-02-05 10:37
215

បាត់ដំបង៖ គប់គ្រាប់បែកមួយគ្រាប់ត្រូវបានជនអនាមិកគប់ចូលក្នុងបន្ទប់កូនក្រមុំអ្នកស្រុកបណ្តាលឲ្យផ្ទុះលាន់កក្រើកទាំងកណ្តាលរាត្រីបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស សមត្ថកិច្ចដាក់កាសន្និដ្ឋានអាចផ្តើមចេញពី «រឿងគំនុំស្នេហាត្រីកោណ»។

ហេតុការណ៍នៃអំពើគប់គ្រាប់បែកខាងលើ កើតឡើងវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ទូលក្រសាំង ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។

ជាជំហានដំបូងជុំវិញករណីនេះ គេសង្ស័យអាចផ្ដើមចេញពី «គំនុំស្នេហាត្រីកោណ» រវាងកូនស្រីម្ចាស់ផ្ទះជាមួយម្ចាស់គ្រាប់បែកអាចជាអតីតសង្សា។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ុក កុយ ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម នៅ អាយុ ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ សមត្ថកិច្ចបន្តថា មានជនអនាមិកមិនដឹងចំនួនបានគប់គ្រាប់បែកដៃចូលតាមប្រឡោះបង្អូចបន្ទប់ដេកកូនស្រីម្ចាស់ផ្ទះបណ្ដាលផ្ទុះលាន់កក្រើកមេឃទាំងកណ្តាលរាត្រីស្ងាត់ ប៉ុន្តែសំណាងល្អក្នុងយប់នោះកូនស្រីរបស់ម្ចាស់រងការវាយប្រហារមិនបានស្នាក់នៅក្នុងបន្ទប់នោះដូចសព្វមួយឡើយ។

ក្នុងហេតុការណ៍គប់គ្រាប់បែកខាងលើ បណ្តាលឲ្យក្មេងប្រុសម្នាក់ មានឈ្មោះ ស៊ុក ខាវី អាយុ ១២ឆ្នាំ កូនរបស់ម្ចាស់ផ្ទះរងរបួសស្រាល ខណៈកំពុងដែកលង់លក់ក្បែរឪពុកម្តាយជាបបន្ទប់កើតហេត។

ម្ចាស់ផ្ទះរងគ្រោះនិយាយថា មុនពេលកើតហេតុពូកគាត់មានបីនាក់ឪពុកម្តាយ និងកូនកំពុងដេកលង់លក់ជុំគ្នាក្នុងផ្ទះពេលនោះស្រាប់ឮសំឡេងផ្ទុះយ៉ាងកក្រើករាត្រី និងមានផ្សែងហុយពេញផ្ទះធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោរ មមីមមើរព្រលឹងចុងសក់ និងបានបើកភ្លើងទើបដឹងថាមានជនមិនស្គាល់មុខគប់គ្រាប់បែកចូលក្នុងបន្ទប់ដេករបស់កូនស្រី ប៉ុន្តែសំណាងក្នុងយប់នោះកូនស្រីមិនបាននៅផ្ទះ។

តាមប្រភពព័ត៌មានជុំវិញករណីគប់គ្រាប់បែកចូលបន្ទប់ដេកនាងក្រមុំនេះ អាចផ្ដើមចេញពីរឿង «គំនុំស្នេហាត្រីកោណ» ហើយម្ចាស់គ្រាប់បែកដៃទំនងធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា ប៉ុន្តែក្រោយមកបានបែកគ្នានាងទៅមានអ្នកថ្មីទៀត។ ប្រភពដដែលបន្ថែមទៀតថា កន្លងមកធ្លាប់មានការព្រមានចង់សម្លាប់កូនស្រីម្ចាស់ផ្ទះម្តង ប៉ន្តែរឿងរ៉ាវនេះក៏ស្ងាត់ទៅវិញ ទើបយប់កើតហេតុមានការគប់គ្រាប់បែកបែបនេះ ទើបគេសង្ស័យទៅលើរឿងដដែលនេះ គឺរឿងគំនុំ«ស្នេហាត្រីកោណ»។ 

ក្រោយពេលកើតហេតុ តាមការស្រាចជ្រាវរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងចំពោះករណីនេះ គឺអាចផ្តើមចេញពីរឿងគំនុំ «ស្នេហាត្រីកោណ» ព្រោះកូនស្រីម្ចាស់ផ្ទះធ្លាប់មានប្រវត្តិស្នេហាច្រើន និងធ្លាប់រងការព្រសម្លាប់មានពីសំណាក់អតីតសង្សារចាស់ម្ដងដែរ។ 

បច្ចុប្បន្នករណីខាងលើសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕