2024-02-06 16:02
316

នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ ។

នៅក្នុងឪកាសនោះលោកស្រី កែវ រ័ត្នតារា បានលើកឡើងពីលទ្ធផលការងារដែលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០២៣កន្លងមក ដែលមានទាំងការប្រជុំពង្រឹងសមត្ថភាពនៅទូទាំង១៤ខ័ណ្ឌនិងសង្កាត់ទាំង១០៥ ក្នុងនោះបានរៀបចំវេទិកាពីគ្រោះយោបល់ រួមនិងការចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជាដើម។ លោកស្រីបានគូសបញ្ជាក់ថាគណៈ             កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ បើមិនមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលរាជធានីភ្នំពេញនោះទេ គឺពិតជាមិនអាចសម្រេចបានលទ្ធផលជាផ្លែផ្កាបានឡើយ។

នៅក្នុងកិច្ចនេះដែរឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានថ្លែង កោតសរសើរចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អនិងជោគជ័យ គួរជាទីមោទនៈនាឆ្នាំ២០២៣កន្លងមកនេះ។ 

ឯកឧត្តមក៏បានស្នើដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ បន្តបណ្តុះបណ្តាល ពង្រឹងសមត្ថភាពនៅតាមបណ្តាខណ្ឌ សង្កាត់ទូទាំងរាជធានីភ្នំពេញ ដើម្បីអោយមន្ត្រីរបស់យើងអនុវត្តការងារ ដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយកាន់តែល្អប្រសើរឡើងថែមទៀត៕