2024-02-06 16:43
264

បាត់ដំបង៖ គូរស្នេហ៍មួយគួរដែលបានបង្ហោះម៉ូតូយ៉ាងសង្ហានៅក្រុងបាត់ដំបង និងបានថតវីដេអូបង្ហោះចែកចាយលើបណ្តាញសង្គមនោះ ពេលនេះត្រូវបានកម្លាំងស្នងការនគរបាលខេត្តបាត់ដំបង ស្រាវជ្រាវ និងឃាត់ខ្លួនយកមកវាស់កម្ពស់បានសម្រេច។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា យុវជន យុវនារី ០២នាក់ ដែលនាំគ្នាជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យ ប៉ះពាល់សន្តិសុខ និងសណ្តាប៉ធ្នាប់ ហើយថតវីដេអូបង្ហោះលើបណ្តាញសង្គមនោះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវនាំខ្លូនយកមកសាកសួរតាមនិតិវិធី។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលេីដងផ្លូវ ដោយសរសេរពីខាងលេីថា «ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់» ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គមយ៉ាងខ្លាំង។ 

ក្រោយឃើញរូបភាពនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្កអណាធិបេតយ្យនេះ ហើយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដឹកនាំលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់ និងនារីម្នាក់ ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរពាក់ព័ន្ធការបង្កភាពអណាធិបតេយ្យនេះ។ 
តាមការបញ្ជាក់ យុវវ័យប្រុស-ស្រីទាំង ០២នាក់ សមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋានក្រុងបាត់ដំបង៕