ភ្នំពេញ៖ ក្រុមហ៊ុនបើកល្បែងស៊ីសងអេឡិចត្រូនិក ប្រភេទឆ្នោត «ឡូតូ 8888» បានប្រកូសប្រកាសប្រាប់ភ្ញាក់ងាររបស់ខ្លួនថា «បើក ដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ នៅទូទាំងប្រទេស ប៉ុន្តែលើកលែងតែខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញប៉ុណ្ណោះ»។
តាមលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រុមហ៊ុនល្បែងឆ្នោតឡូតូ 8888 បានប្រកាសជូនដំណឹងដល់គ្រប់តំណាងចែកចាយឡូតូ 8888 ទូទាំង២៥ រាជធានី-ខេត្តថា៖ «តំណាងចែកចាយឆ្នោតឡូតូ 8888 ទាំងអស់អាចបើកដំណើរការអាជីវកម្មឡើងវិញបានចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ លើកលែងតែរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នៅមិនទាន់អាចបើកដំណើរអាជីវកម្មបាននោះទេ»។
ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសណែនាំដល់អភិបាលក្រុង-ស្រុក «បញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ»។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖ វិធានការនេះ ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើលោក-លោកស្រីអភិបាល នៃគណៈអភិបាលក្រុង- ស្រុក ត្រូវចូលរួមអនុវត្តក្នងការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត។
ក្រោយមានការណែនាំខាងលើនេះ ទើបក្រុមហ៊ុនឆ្នោតឡូតូ 8888 បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ មិនទាន់បើកដំណើរការ អាជីវកម្មឡើងវិញ ខណៈខេត្តផ្សេងៗបើកយ៉ាងគគ្រឹកគគ្រេងហើយក្រុមហ៊ុនសន្យានឹងជូនដំណឹងនៅពេលក្រោយ៕