2024-02-14 15:34
268

ភ្នំពេញ៖ គិតចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ ក្រុមអភិរក្សសត្វអណ្តើកហ្លួង ឬសរសៃនៃរដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្តើកហ្លួង ចំនួន ២០សំបុក មានពង សរុបចំនួន ២០៦គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិមិត្តក្បែរស្រះបង្កាត់ពូជមួយក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ 

យោងតាមរូបភាពដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារបានដាក់ចាំថតនៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើងពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពងនៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៤ព្រឹកទៀបភ្លឺ។ នេះគឺជាឆ្នាំទី៤ ហើយដែលមេពូជអណ្តើកហ្លួងបានទម្លាក់ពងនៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា។ក្រុមការងាររំពឹងថានឹងរកឃើញពងអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥នេះដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមិនា។

មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារចំនួនសត្វអណ្ដើកហ្លួង។ តួយ៉ាងអណ្ដើកហ្លួង ចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុងនោះមានកូនអណ្ដើកដែលទើបតែញាស់ក្នុងឆ្នាំ២០២៣ ចំនួន ១១៨ក្បាលផងដែរ។ ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល គឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងនេះ ឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមអ្នកអភិរក្សសត្វអណ្តើកហ្លួង បានបញ្ជាក់ថា សត្វអណ្ដើកហ្លួង ឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើកទឹកសាបទាំង ២៥ប្រភេទ លើសកលលោកដែលកំពុងប្រឈមនឹងការផុតពូជ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០៥។ 

ក្រុមការងារសង្ឃឹថា សត្វដណ្តើកដ៏កម្រ និងជិតផុតពួជនេះ នឹងមានការកើនឡើងវិញនៅកម្ពុជាបន្ទាប់ពីមានការអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត៕