2024-02-14 16:14
269

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា       រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប (គន្ធបុប្ផាទី៣) ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ខេត្តសៀមរាប លោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស Dr. Med.Beat Richner លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល មន្ទីរពេទ្យជ័យវរ្ម័នទី៧ និងមន្រ្តីរាជការ បុគ្គលិកសុខាភិបាលជាច្រើនរូបផងដែរ ។

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២ មានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលផងដែរ។ 

នៅក្នុងឪកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានថ្លែងថា «សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។

បន្ថែមពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យទាំងអស់សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអនុវត្តក្នុងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយក្រមសីលធម៌វិជ្ជាជីវៈ។ត្រូវបន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធការងារបច្ចេកទេសបន្ថែមទៀត។ត្រូវបន្តចូលរួមបណ្តុះ                បណ្តាលអ្នកជំនាញ និងនិស្សិត។សូមចូលរួមរក្សា និងតម្កល់លទ្ធផលជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុកចិត្តពីសាធារណជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត។