2024-02-18 16:27
280

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
   សមត្ថកិច្ចប្រាប់ថាៈ កាលវេលាម៉ោង១៨និង៣៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចឺត ញៀន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កេស កេសា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរសណ្ឋាគារវ័នហឺ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមការការបំភ្លឺរបស់ជនរងគ្រោះថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥ល្ងាច រូបខ្លួននិងមិត្តភក្តិបានជិះម៉ូតូជូនបងធម៌ ដើម្បីរកម៉ូតូដែលចោរលួច កាលពីវេលាម៉ោង០៤ និង០០នាទី ប៉ុន្មានថ្ងៃកន្លងមក ពេលជិះដល់ចំណុចមុខខារ៉ាអូខេ F PLUS ស្រាប់តែមានក្មេងស្ទាវ០១ក្រុម ជិះម៉ូតូចំនួន០២គ្រឿង ដេញពួកខ្លួន រហូតដល់មុខសណ្ឋាគារវ័នហឺ ស្រាប់តែម៉ូតូរបស់ខ្លួនអស់សាំង ក៏បានបណ្តេីរម៉ូតូចូលផ្ទះមិត្តភក្តិ ស្រាប់តែក្មេងស្ទាវ០១ក្រុមដែលបានជិះម៉ូតូដេញពួកខ្លួន ដោយមានកាន់ដំបងឈើ ដំបងឬស្សី និងកាំបិតផ្គាក់ប្រហែល០៣ដើម ដេញវាយនិងកាប់មកលើពួកខ្លួន បណ្តាលឱ្យរងរបួសក្បាលផ្នែកខាងក្រោយ០១កន្លែងដេរចំនួន១០ផ្ទេរ និង របួសដៃស្តាំចំនួន០២កន្លែង ហើយរត់គេចខ្លួនបាត់។លោកឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលេី រួចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។ក្រោយឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា ជាប់ពាក់ព័ន្ធលើករណីហិង្សាដោយចេតនា កាប់ទៅលេីជនរងគ្រោះពិតប្រាកដមែន ចំណែកជនដៃដល់បានគេចខ្លួនបាត់។ ដោយផ្អែកលេីចម្លេីយសារភាព  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
  ជនសង្ស៏យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី ចំណែកជនដៃដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកំពុងស្វែងរកចាប់ខ្លួនបន្ត៕