2024-02-20 14:48
339

រដ្ឋធានីព្យុងយ៉ាង៖ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែផុងខ្លួន នៅក្នុងសង្គ្រាម អស់រយៈពេលជិតគម្រប់ខួប២ឆ្នាំនោះ មេដឹកនាំវិមានក្រឹមឡាង លោក វ៉្លាឌីមៀ ពូទីន កាន់តែមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយនឹងក្រុងព្យុងយ៉ាង ហើយឥឡូវ ក៏ថែមទាំងបានប្រគល់រថយន្ដស៊េរីទំនើប ផលិតដោយរុស្ស៊ី ជូនដល់មេដឹកនាំកូរ៉េខាងជើង។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បើតាមបណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ នៅថ្ងៃអង្គារ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបង្ហាញរថយន្ដផលិត ដោយរុស្ស៊ី សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់ ដល់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ចំពេលទំនាក់ទំនងការទូតកាន់តែស៊ីជម្រៅ រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើង NCNA បានរាយការណ៍ ថា លោកស្រី គីម យ៉ូជុង ( Kim Yo Jong) ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង និង លោក ផាក ជុង ជុន (Pak Jong Chon) លេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង ដែលកំពុងតែគ្រប់គ្រងអំណាចបានទទួលអំណាចរថយន្ដ Aurus Senat ផលិតដោយរុស្ស៊ី ពីលោកប្រធានាធិបតី ពូទីន កាលពីថ្ងៃអាទិត្យ (ទី១៨ ខែកុម្ភៈ)។ បើទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ កូរ៉េខាងជើង មិនបានបញ្ជាក់ព័ត៌មានលម្អិត ពីទីកន្លែង ដែលទទួលរថយន្ដនេះឡើយ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានឱ្យដឹង ថា នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់តំបន់ចុងបូព៌ារុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣ មេដឹកនាំកូរ៉េខាងជើង បានពិនិត្យមើលរថយន្តស៊េរីទំនើបរបស់រុស្ស៊ី Aurus ដោយគាត់បានអង្គុយនៅកៅអីរបស់អ្នកដំណើរខាងក្រោយ។

ដោយឡែក សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានហាមឃាត់នូវការនាំចេញទំនិញប្រណីត រួមទាំងរថយន្ត ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយសារកម្មវិធីមីស៊ីល និង នុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ រុស្ស៊ី និង កូរ៉េខាងជើង បានបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ចាប់តាំងពីការឈ្លានពានពេញលេញរបស់ក្រុងមូស្គូ មកលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។  ក្រុងព្យុងយ៉ាង ត្រូវបានគេរាយការណ៍ អំពីការប្រគល់សម្ភារៈយោធា និង គ្រាប់បែកទៅឱ្យក្រុងម៉ូស្គូ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន។ នេះបើយោងតាមក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានអះអាង កាលពីពេលកន្លងមកនេះ៕